តើការអប់រំចិត្តតាមបែបព្រះពុទ្ធសាសនា បានផ្តល់ផលប្រយោជន៍អ្វីខ្លះដល់សង្គម?

ថ្ងៃ១៥-0២-២០១៧

តាមប្រវត្តិសាស្ត្រខ្មែរបានបង្ហាញថា ព្រះពុទ្ធសាសនាត្រូវបាននាំចូលមកស្រុកខ្មែរតាំងពីសតវត្សទី១នៃគ-ស ។ ព្រះបាទអសោកស្តេចនៃប្រទេសឥណ្ឌា បានបញ្ជូនសមណទូត២អង្គ គឺសោណត្ថេរ និងឧត្តរត្ថេរនាំសាសនាព្រះពុទ្ធមកផ្សព្វផ្សាយក្នុងសុវណ្ណភូមិ គឺប្រទេសកម្ពុជានេះឯង។
ក្រោយមកព្រះពុទ្ធសាសនាបានរីកចម្រើនខ្លាំងក្នុងប្រទេសកម្ពុជា ។
គេសង្កេតឃើញព្រះពុទ្ធសាសនាបានផ្តល់ផលប្រយោជន៍ដូចតទៅ ៖
  • បានអប់រំដល់ពុទ្ធបរិស័ទឲ្យចេះរួបរួមសាមគ្គីគ្នាក្នុងសង្គមដើម្បីកសាងសង្គមឲ្យមានការរីកចម្រើននិងជឿនលឿន។
  • អប់រំឲ្យមនុស្សចេះរាប់អានគ្នា ស្រឡាញ់គ្នា យោគយល់អត់អោនអធ្យាស្រ័យឲ្យគ្នា។
  • អប់រំឲ្យមនុស្សហ៊ានលះបង់អំណាច ហើយមិនត្រូវយកអំណាចជិះជាន់អ្នកទន់ខ្សោយ ឬធ្វើទុក្ខបុកម្នេញ គាបសង្កត់ដល់អ្នកដទៃឡើយ ។ ព្រះពុទ្ធសម្តែងថា អំណាចគ្រាន់តែមកជ្រកបណ្តោះអាសន្ននឹងបុគ្គលតែប៉ុណ្ណោះ លុះមនុស្សស្លាប់ទៅ មនុស្សមិនអាចយកអំណាចទៅតាមខ្លួនបានឡើយ។
  • អប់រំមនុស្សឲ្យចេះចែករំលែកទ្រព្យសម្បត្តិដល់អ្នកក្រីក្រលំបាកតោកយ៉ាកគ្មានទីពឹង ។ហេតុដូច្នេះហើយបានជាគេសង្កេតឃើញមានអ្នកមានចិត្តសប្បុរសធម៌បានចូលរួមកសាងសមិទ្ធិផលនានាក្នុងសង្គម ដូចជា ជួយកសាងសាលារៀន មនរ្ទីពេទ្យ វត្តអារាម ផ្លូវថ្នល់ ស្ពាន​ លំនៅដ្ឋាន សម្ភារផ្សេងៗ គ្រឿ ងហូបចុក ប្រាកកាស់ជាដើម ។
  • អប់រំមនុស្សឲ្យមានអារម្មណ៍ស្ងប់ សុខសន្តិភាពផ្លូវចិត្ត មិនខឹងច្រឡោត ក្រេវក្រោធ ហើយត្រូវដោះស្រាយបញ្ហាដោយសន្តិវិធីអហិង្សា ។
  • អប់រំឲ្យបុត្តធីតាត្រូវដឹងគុណមាតាបិតា ព្រោះមាតាបិតាមានគុណធំធេងមិនអាចយកអ្វីមកប្រៀបធៀបបានឡើយ ។មាតាបិតាបានឲ្យកំណើតកូន ចិញ្ចឹមបីបាច់ បង្ហាត់បង្រៀនកូន ទំនុកបម្រុងឲ្យរៀនសូត្ររហូតដល់ចែកមរតកដល់កូន និងធ្វើឲ្យកូនក្លាយជាមនុស្សល្អមានកិត្តិយសបុណ្យស័ក្តិថ្លៃថ្នូរក្នុងសង្គមថែមទៀតផង។
  • អប់រំឲ្យមនុស្សជឿលើសមត្ថភាពផ្ទាល់ខ្លួន ព្រោះសេចក្តីសុខមិនមែនបានមកដោយសារសុំអង្វរករពីបុគ្គលណា ឬអាទិទេពណាមួយ ឬវត្ថុណាមួយឡើយ។ព្រះពុទ្ធសម្តែងថា សេចក្តីសុខស្ថិតនៅលើបុគ្គលជាអ្នកប្រព្រឹត បើធ្វើអំពើល្អនឹងទទួលផលល្អ បើធ្វើអំពើអាក្រក់នឹងទទួលផលអាក្រក់។ព្រះពុទ្ធសម្តែងទៀតថា ១-មនុស្សត្រូវចៀសវាងនូវអំពើបាបទាំងឡាយ។ ២-ត្រូវធ្វើចិត្តឲ្យបរិសុទ្ធ ៣-ត្រូវប្រព្រឹត្តអំពើជាកុសល។
  • អប់រំឲ្យមនុស្សត្រូវប្រកាន់សច្ចៈធម៌ មិនភូតកុហក មិនបោកប្រាស់មិនកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិនិងអ្នកដទៃ ត្រូវប្រកាន់សុចរិតទៀងត្រង់ មិនលំអៀង មិនតឹងពេក មិនធូរពេក។មនុស្សត្រូវចេះប្រុងប្រយ័ត្នស្មារតី គិតបានត្រឹមត្រូវ ។ល។
អត្ថបទនិងរូបភាព ដោយ ៖ យួន បូរ៉េត
One clap, two clap, three clap, forty?

By clapping more or less, you can signal to us which stories really stand out.