“ស្ពេកទ័រ” ឧបករណ៍ពិសេសសំរាប់អ្នកឌីហ្សាញ

មនុស្សមួយចំនួនបានធ្វើការថតរូបភាពឌីហ្សាញដែលបានឃើញនៅខាងក្រៅក្នុងគោលបំណងដើម្បីអាចផ្ដល់នូវគំនិតសំរាប់ពួកគេបានក្នុងការឌីហ្សាញ។ ក៏ប៉ុន្តែការមានរូបភាពទាំងអស់នោះ គឺមិនដូចគ្នាទៅនិងការអាចយកវាមកប្រើប្រាស់បានផ្ទាល់នៅក្នុងការងាររបស់យើងនោះទេ។
កត្តានេះធ្វើអោយ ហ្វីអូណា អូលារី (Fiona O’Leary) និស្សិតស្រីមកពី មហាវិទ្យាល័យ Royal College of Art បានធ្វើការបង្កើតនូវឧបករណ៍មួយដែលនាងអោយឈ្មោះថា “ស្ពេកទ័រ (Spector)” ដើម្បីអាចឲ្យនាងអាចចាប់យកនូវប្រភេទពុម្ភអក្សរ ក៏ដូចជាពណ៌ ដែលនាងចង់បាន ហើយឧបករណ៏នេះនឹងធ្វើការបញ្ចូលព័ត៌មានទាំងនោះចូលទៅក្នុងកម្មវិធី អាដូប៊ី អ៊ីនឌីហ្សាញ (Adobe InDesign)។

លក្ខណៈរបស់ ស្ពេកទ័រ
ស្ពេកទ័រ ធ្វើការថតយករូបភាពនៃពុម្ពអក្សរ រួចប្រើប្រាស់ក្បួនដោះស្រាយបញ្ហាមួយ (algorithm) ដោយធ្វើការបកប្រែរូបភាពនោះទៅជាព័ត៌មានអំពីរូបរាងរបស់អក្សរ ក៏ដូចជានិមិត្តសញ្ញាផងដែរ ដែលបន្ទាប់មកព័ត៌មានទាំងអស់នោះនឹងត្រូវឆ្លងកាត់ នូវបណ្ដុំទិន្នន័យនៃពុំអក្សរ (font database) ដើម្បីបញ្ជាក់អំពីវាយ៉ាងត្រឹមត្រូវ។ ស្ពេកទ័រក៏មានសមត្ថភាពអាចចាប់យកនូវ ព័ណ៌ផងដែរដោយបំបែកវាទៅវាតម្លៃ CMYK/RGB។
ឧបករណ៍នេះមានសមត្ថភាពស្គាល់នូវប្រភេទពុម្ភអក្សរមេ ចំនួន ៧ ខុសៗគ្នា ហើយអាចស្គាល់នូវ ទំហំ គម្លាតតួអក្សរ (kerning) ក៏ដូចជា កំពស់របស់ជួរមួយបន្ទាត់ៗរបស់អក្សរ (leading) ផងដែរ។
គួរបញ្ជាក់ផងដែរថា ឧបករណ៍សំរាប់កំណត់លក្ខណៈរបស់ពុម្ភអក្សរគឺ មានរួចមកហើយ ប៉ុន្តែមិនមែនជាឧបករណ៍ដែលយើងអាចកាន់បាន ដូចអ្វីដែលបានបង្ហាញនៅក្នុងវីដេអូខាងលើថា នាងបានដើរពីកន្លែងមួយទៅកន្លែងមួយហើយធ្វើការចាប់យកនូវអ្វីដែលនាងចង់បាន។ ឧបករណ៍នេះគឺមិនទាន់ដាក់លក់នៅលើទីផ្សារនៅឡើយទេ ដូច្នេះយើងនឹងរង់ចាំមើលទាំងអស់គ្នា។
ប្រភព The Verge
ដោយ ញឹម ចន្ទបុរី