តើ Forex គឺជាអ្វី?
Forex អានថា “ហ្វរិច” ជាការវិនិយោគមួយប្រភេទដែលពេញនិយមនៅបរទេស ហើយការពេញនិយមរបស់វាមិនខុសគ្នាពីវិនិយោគនៅលើវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នយើងនោះទេ ។
តាមពិតទៅការវិនិយោគ Forex នៅប្រទេសកម្ពុជាហាក់ដូចជាថ្មី តែនៅលើពិភពលោកជាពិសេសប្រទេសជឿនលឿនវាគឺជារឿងធម្មតាទៅហើយ ។
ទីផ្សារ Forex គឺជាអ្វី?
Forex មកពីពាក្យថា “Foreign Exchange Market” ឬហៅខ្លីៗថា FX គឺជាការជួញដូររូបិយប័ណ្ណបរទេស និយាយឲ្យសាមញ្ញ Forex គឺជាការជួញដូរហាងឆេងលុយបរទេស ឬហាងឆេងមាស ដែលជាការជួញដូរនៃតម្លៃផលធៀបរបស់រូបិយប័ណ្ណពីរ ឧទាហរណ៍ដូចជា លុយអឺរ៉ូជាមួយនឹងលុយដុល្លារ (EUR/USD) លុយដុល្លារជាមួយនឹងលុយយ៉េន (USD/JPY) ឬលុយផោនជាមួយលុយដុល្លារ (GPB/USD) ជាដើម ។
តើយើងអាចទាញយកកម្រៃពី Forex បានដោយរបៀបណា?
យើងទទួលបានការចំណេញ ឬខាតកម្រៃមកពីការឡើងចុះរបស់អត្រារូបិយប័ណ្ណផ្សេងៗនោះឯង ។
យើងនឹងបានផលចំណេញនៅពេលដែលយើងអាចទស្សន៍ទាយដឹងថាអត្រារូបិយប័ណ្ណនោះនឹងផ្លាស់ប្តូរទៅទិសដៅណា ដើម្បីយើងអាចទិញលក់ត្រូវសង្វាក់របស់វា និងទាញយកចំណេញត្រូវសង្វាក់ ។ វាមិនខុសពីការវិនិយោគផ្សេងទៀតនោះទេ ដូចជាការវិនិយោគទៅលើអចលនទ្រព្យ ឬមាសជាដើម វាមានមូលដ្ឋានតែមួយគឺ ទិញនៅពេល “តម្លៃថោក ហើយលក់វិញនៅពេលតម្លៃឡើងថ្លៃ” ។
ហេតុអ្វីគួរចាប់អារម្មណ៍ Forex?
បច្ចុប្បន្នមនុស្សជាច្រើនចាប់អារម្មណ៍ទីផ្សារ Forex មិនចាញ់ទីផ្សារភាគហ៊ុននោះទេ ដោយចាប់ពីឆ្នាំ 2007 ដល់ឆ្នាំ 2010 សកម្មភាពនៅទីផ្សារ Forex បានកើនឡើងដល់ទៅ 20% ដោយមានអត្រាការជួញដូរជាមធ្យមក្នុងមួយថ្ងៃជិត 4 លានលានដុល្លារសហរដ្ឋអាមេរិក ។
ចំនុចល្អមួយរបស់ទីផ្សារ Forex ធៀបជាមួយទីផ្សារភាគហ៊ុនគឺអ្នកវិនិយោគមិនចាំបាច់ត្រូវវិភាគធុរកិច្ច ឬប្រៀបធៀបរបាយណ៍ការហិរញ្ញវត្ថុរបស់ក្រុមហ៊ុននីមួយៗដូចការវិនិយោគទៅលើទីផ្សារភាគហ៊ុននោះទេ ។ អ្នកវិនិយោគ Forex ខ្លះគ្រាន់តែតាមដានព័ត៌មានសេដ្ឋកិច្ចឲ្យជាប់លាប់ និងនាំយកព័ត៌មានទាំងនោះមកវិភាគដើម្បីឲ្យឃើញចង្វាក់នៃការទិញលក់អត្រារូបិយប័ណ្ណរបស់ប្រទេសនីមួយៗនោះ ។
ចំណុចល្អមួយទៀតរបស់ទីផ្សារ Forex គឺអ្នកវិនិយោគអាចចូលទៅទិញលក់បាន 24 ម៉ោង ដែលផ្ទុយពីទីផ្សារភាគហ៊ុនបើកឲ្យដំណើរការជួញដូរពីម៉ោង 8:00 ព្រឹក និងបិទវិញនៅម៉ោង 15: 00 រសៀល ។
ចំណាំ៖ រាល់ការវិនិយោគសុទ្ធតែមានហានិភ័យ សូមធ្វើការសិក្សាស្វែងយល់ឲ្យបានច្បាស់មុននឹងធ្វើការវិនិយោគ ។ ចំណេះដឹងក្នុងការវិនិយោគគឺជាមូលដ្ឋានតែមួយគត់ដែលអាចនាំអ្នកទៅកាន់ភាពជោគជ័យ ។