វែបសាយល្អៗសម្រាប់រៀនកុំព្យូទ័រ


បច្ចុប្បន្នមានគេហទំព័រជាច្រើនដែលបង្កើតមកដើម្បីចែកចំលែកចំណេះដឹងផ្សេងៗទៅដល់អ្នកប្រើប្រាស់អ៊ីនធឺណិត។ ខាងក្រោមនេះគឺជាវែបសាយមួយចំនួនដែល ចែករំលែកចំណេះដឹងផ្នែកកុំព្យូទ័រតាមរយៈ អត្ថបទ និងវីដេអូជាដើម។
មូលដ្ឋានគ្រឹះ
GCFLearnFree វែមសាយមួយនេះ ប្រមូលផ្តុំទៅដោយចំណេះដឹងមូលដ្ឋានសម្រាប់អ្នកចង់រៀនវគ្គ កុំព្យូទ័រថ្នាក់មូលដ្ឋាន វគ្គប្រព័ន្ធប្រតិបត្តិការ Windows ឬ Mac វគ្គរដ្ឋបាលមាន Microsoft Office Word, Excel, Power Point វគ្គអ៊ីនធឺណិត អ៊ីម៉ែល និងមានវគ្គមូលដ្ឋានគ្រឹះជាច្រើនទៀត។
ពីមូលដ្ឋានគ្រឹះ ទៅកម្រិតខ្ពស់
LearnersTV ជាវែបសាយមួយដ៏ល្អ ដែលប្រមូលផ្តុំរាល់វីដេអូរៀនល្អពីវែបសាយផ្សេងៗគ្នា ដែលបង្រៀនទាក់ទងនឹងវគ្គកុំព្យូទ័រចាប់ពីកម្រិតដំបូង រហូតដល់កម្រិតខ្ពស់។ ក្រៅពីវីដេអូផ្នែកកុំព្យូទ័រហើយ ក៏នៅមានវីដេអូទាក់ទងជាមួយនឹងប្រធានបទ / មុខវិជ្ជាផ្សេងផងដែរ។
TheNewBoston បណ្តុំវីដេអូរៀនទាក់ទងនឹងមុខវិជ្ជា វិទ្យាសាស្ត្រកុំព្យូទ័រ ក្នុងនោះរួមមេរៀនសរសេរកម្មវិធីកុំព្យូទ័រ បណ្តុំមេរៀនកម្មវិធី Adobe មេរៀនរចនាគេហទំព័រ កាត់តវីដេអូ សរសេរហ្គេម មេរៀនផ្នែក Network ជាដើម។ ក្រៅពីនេះ TheNewBoston ក៏មានមេរៀនជាច្រើនទៀតទាក់ទងនឹង វិជ្ជាធ្វើម្ហូប សុខភាព គណិតវិទ្យា វិទ្យាសាស្ត្រ ជំនួញ និងវិទ្យាសាស្ត្រសង្គមជាដើម។
W3Schools ជាបណ្តុំចំណេះដឹងមិនចេះរីងស្ងួតសម្រាប់អ្នកចង់រៀនផ្នែក រចនា និងអភិវឌ្ឍន៍គេហទំព័រ។ វែបសាយនេះនឹងបង្រៀនអ្នកចាប់ពីកម្រិតមូលដ្ឋាន រហូតដល់កម្រិតខ្ពស់។ ភាពអស្ចារ្យមួយក្នុងចំណោមភាពអស្ចារ្យជាច្រើនដែលវែបសាយនេះបានផ្តល់នោះគឺ ការភ្ជាប់មកជាមួយនឹងឧទាហរណ៍ នៅក្នុងមេរៀននីមួយៗ។ ហើយឧទារណ៍ទាំងនោះគឺ អ្នកអាចធ្វើតេស្តដោយខ្លួនឯងបាន វានឹងបង្ហាញលទ្ធផលមកភ្លាមៗ។
Java2S ជាបណ្តុំចំណេះដឹងផ្នែកសរសេរកម្មវិធីសម្រាប់កុំព្យូទ័រ ទូរស័ព្ទ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ (Database)។ ក្រៅពីបង្រៀនទ្រឹស្តីហើយនោះ Java2S ក៏ផ្តល់នូវឧទាហរណ៍ ដែលភ្ជាប់ជាមួយនូវកូដចំហរដែលអ្នកអាចទាញយកមកប្រើ និងកែកុនបានទៀតផង។
TutorialsPoint ប្រមូលផ្តុំទៅដោយមេរៀនរាប់ពាន់មុខវិជ្ជា ដែលទាក់ទងទៅនឹង បណ្តុំមេរៀនសរសេរកម្មវិធី បណ្តុំមេរៀន Java បណ្តុំមេរៀនទាក់ទងនឹង Script មេរៀនរចនា និងអភិវឌ្ឍន៍គេហទំព័រ បណ្តុំមេរៀនប្រព័ន្ធគ្រប់គ្រងទិន្នន័យ បណ្តុំមេរៀនកម្មវិធី Microsoft មេរៀនវិភាគទិន្នន័យ និងព័ត៌មាន មេរៀនទីផ្សារឌីជីថល វគ្គគ្រប់គ្រង និងបណ្តុំមេរៀនជាច្រើនទៀត។
CodeAcademy វែបសាយសម្រាប់អ្នករៀនសរសេរកម្មវិធី រចនា និងអភិវឌ្ឍន៍គេហទំព័រ និងភាសាផ្សេងៗទៀត។ លក្ខណៈពិសេសរបស់វាគឺអ្នកអាចសរសេរកូដនៅលើគេហទំព័រនេះ និងឃើញលទ្ធផលភ្លាមៗដោយមិនចាំបាច់ Save & Refresh ដូចការរៀនសរសេរនៅលើកុំព្យូទ័រនោះដែរ។
វែបសាយដែលខ្ញុំលើកយកមកចែករំលែកនេះ គឺមួយចំនួនតូចប៉ុណ្ណោះដែលខ្ញុំមើលឃើញថា សុទ្ធតែជាវែបសាយដែលអ្នករៀនសូត្រគេនិយមរៀន និងយកមកអនុវត្តន៍។ ក្រៅពីវែបសាយដែលសរសេរជាភាសាអង់គ្លេសខាងលើនេះ វែបសាយជាភាសាខ្មែរ និងបង្រៀនជាភាសាខ្មែរយើងក៏មានច្រើនដែរ ដូចជាវែបសាយ KhmerAcademy, សំបុកអាយធី ជាដើម។
ប្រសិនបើមិត្តភ័ក្រទាំងអស់គ្នាមានស្គាល់វែបសាយណាផ្សេងក្រៅពី វែបសាយមួយចំនួនដែលខ្ញុំបានរៀបរាប់នេះ សូមមេត្តាចែករំលែកតាមរយៈ Comment នៅខាងក្រោមនេះ៕ សូមអរគុណ
