ការឆ្លើយតបទៅនឹងការហូរចូលនៃវប្បធម៌បរទេសមកកាន់សង្គមខ្មែរ

ដោយ សៀង វន្ថា

មនុស្សជាច្រើនបាននិយាយពាក្យថា វប្បធម៌ចេញមកដោយងាយៗ ទើបភ្លេចឬក៏មិនទាំងដឹងផងថាអ្វីទៅ​ជា​វប្បធម៌ ហើយវប្បធម៌ស្ដែងចេញតាមរយៈអ្វី និងមានប្រយោជន៍អ្វីដល់ខ្លួន និងមនុស្ស​នៅជុំវិញខ្លួន​ក្នុងសង្គម​ទាំង​មូល​។ វប្បធម៌​ អាចនិយាយតាមន័យសម្រាយជាទូទៅថា គឺជាគំនិត ទម្លាប់ ឬក៏ឥរិយាបថរបស់​មនុស្ស​នៅក្នុង​សង្គម​នោះ​ឯង។

គេតែងតែនិយាយពាក្យវប្បធម៌​នេះភ្ជាប់ទៅនឹងបញ្ហា​របស់​មនុស្ស ឬក៏សង្គមផ្សេងៗដូចជា វប្បធម៌​មិន​ទទួលខុសត្រូវ វប្បធម៌មិនគោរពពេលវេលា វប្បធម៌និទណ្ឌភាព វប្បធម៌លួចចម្លងគេ វប្បធម៌អន្តរាគមន៍ វប្បធម៌​សម្ភារៈ​និយម ឬក៏​វប្បធម៌បរទេសនិយមជាដើម។

នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន យើងមើលឃើញថាមានការទទួលយកវប្បធម៌បរទេសជាច្រើនដោយ​សារកត្តា​​ផ្សេង​ៗ​ដូចជា ទំនាក់ទំនងសេដ្ឋកិច្ច ទំនាក់ទំនងនយោបាយ ការរីកចម្រើននៃបច្ចេកវិទ្យា ការផ្លាស់ប្ដូរការអប់រំ ពោល​គឺសកលភាវូបនីយកម្ម។ ជាធម្មតា​មនុស្ស​ដែលផ្លាស់ទីទៅរស់នៅតំបន់ ឬក៏ប្រទេសផ្សេងៗ តែងតែនាំយក​ទៅជាមួយ​នូវវប្បធម៌ដែលពួកគេមាន​មោទនភាព​ចំពោះនោះទៅតាម។ ឧទាហរណ៍ នៅក្នុងប្រវត្តិសាស្ត្រខ្មែរ​ដែល​ឥណ្ឌា​មាន​ឥទ្ធិពលផ្នែក​វប្បធម៌​មក​កាន់​សង្គម​ខ្មែរ​នាសម័យនោះ ឬក៏វប្បធម៌របស់​ខ្មែរ​នា​សម័យ​អាណាចក្រអង្គរមាន​ឥទ្ធិពល​​ទៅ​កាន់​ប្រទេសជិតខាង​នៅ​អាស៊ី​អាគ្នេយ៍នៅក្នុងសម័យនោះ។

ទំនាក់ទំនងក្លាយជារឿងធម្មតាទៅហើយ នាពេលបច្ចុប្បន្ននេះ។ ប៉ុន្តែអ្វីដែល​ជា​បញ្ហានោះគឺ ការទទួលយកដោយមិនមានការពិចារណា ពោលគឺភ្លេចគិតពីវប្បធម៌ដែលជាអត្តសញ្ញាណរបស់​ខ្លួន។ វប្បធម៌បរទេសដែលហូរចូលមកស្រុកខ្មែរទាំងនោះរួមមាន ភាសា របៀបនៃការរស់នៅ ការស្លៀកពាក់ ចម្រៀង សាសនា ប្រពៃណី ល្បែងកម្សាន្ត ភាព​យន្ត ពិធីបុណ្យផ្សេងៗដូចជា ចូលឆ្នាំចិន បុណ្យគ្រីស្តស្មាស់ បុណ្យនៃក្ដីស្រលាញ់ (មនុស្សជាច្រើន​ហៅវាថាជាបុណ្យសង្សា) ចូលឆ្នាំសកល ឬក៏បុណ្យហាឡូវីនជាដើម។

ស្របពេលដែលវប្បធម៌មួយចំនួន គឺជាការទទួលយកពីបរទេស យើងក៏មិនអាចបដិសេធបាន​ឡើយ​នូវភាពល្អប្រសើររបស់វា។ ប៉ុន្តែយើងត្រូវតែបែងចែកអោយបានច្បាស់លាស់ថាមួយណាជារបស់ខ្មែរ ហើយ​ថាតើ​មួយណាជារបស់បរទេស ជៀសវាងការបាត់បង់នូវអត្តសញ្ញាណរបស់វប្បធម៌ខ្មែរ។

ចូលចិត្តនិយាយភាសាបរទេស ស្លៀកពាក់បែបបរទេស មានវប្បធម៌តែឯងនិយម ឬសូម្បីតែការគិតបែបបរទេសនិយមនោះ។ ប៉ុន្តែអ្នកដឹងទេថា យុវជនជំនាន់ក្រោយសម័យបច្ចុប្បន្ន និយាយ និងសរសេរខ្មែរលែងត្រូវហើយ ភ្លេចហើយថាការស្លៀកពាក់បែបណាទើប​សមរម្យ​ជាខ្មែរ គ្មានវប្បធម៌ចែករំលែក និងជួយគ្នាទៅវិញទៅមកដូចចាស់ៗជំនាន់ដើមឡើយ។

ហើយការគិតទៀតសោត ពួកគេ​តែង​តែ​យោង ឬមានទំនោរគាំទ្រគំនិតរបស់បរទេសដែលមាន ប្រពៃណី ផ្នត់គំនិត ប្រវត្តិសាស្ត្រ វប្បធម៌ខុសពីខ្មែរ ។ វាជាការពិត ដែលគំនិតរបស់​ពួក​គេពិតជាល្អមែន តែមិនអាចយកមកប្រើប្រាស់ ឬដាក់អោយអនុវត្តនៅក្នុងសង្គមខ្មែរបានឡើយ។

និយាយចំពោះបញ្ហានៃការហូរចូលនៃវប្បធម៌បរទេសមកក្នុងសង្គមខ្មែរ យើងក៏មិនគួរបន្ទោស​តែទៅ​លើ​យុវជនខ្លួនឯងនោះឡើយ ប៉ុន្តែអ្នកដែលពាក់ព័ន្ធទាំងអស់ រាប់បញ្ចូលទំាងរាជរដ្ឋាភិបាល និងគ្រួសាររបស់ពួក​គេ។ មិនខុសពីពាក្យរបស់ខុងជឺពោលមួយឃ្លាគឺ “អុជទានបំភ្លឺប្រសើរជាងស្ដីបន្ទោសភាពងងឹត”។ ទោះបីជា​ប្រព័ន្ធផ្សព្វផ្សាយ អាចនឹងធ្វើតាមចិត្តរបស់អ្នកឧបត្ថម្ភពួកគេ ប៉ុន្តែក្រសួងដែលពាក់ព័ន្ធក៏ជាអ្នកដែលអាច​ហាម​ឃាត់​បានដែរ។ ទោះបីជា យុវជនខ្លួនឯង អាចបង្ហាញពីការពេញចិត្ត ឬធ្វើតាមវប្បធម៌បរទេស​ប៉ុន្តែគ្រួសារគឺជាគ្រូបង្រៀនទីមួយដែលអាចបង្រៀនដល់ពួកគេ​ពី​បញ្ហានេះ។ ទោះបីជាគេអាចទទួលយកតាមគ្នា ប៉ុន្តែយើងក៏អាចបង្រៀនពួកគេតាមរយៈការអប់រំក្នុងប្រព័ន្ធរបស់រដ្ឋ ឬតាមរយៈការអប់រំក្រៅប្រព័ន្ធ។

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

One clap, two clap, three clap, forty?

By clapping more or less, you can signal to us which stories really stand out.