កំហុសអ្នកណា?

ដោយ​​ វ័ន្ត ច័ន្ទមករា

អត្ថបទប្លក់នេះត្រូវបានសរសេរឡើងជាផ្នែកនៃលក្ខខណ្ឌតម្រូវការងាររបស់កម្មសិក្សាជំនាញសរសេរប្លក់ក្នុងនៃកម្មវិធី​សំទ្បេងយុវជន។ ការបញ្ចេញមតិនៅទីនេះគឺជាការយល់ឃើញរបស់អ្នកសរសេរ និងមិនតំណាងឲ្យ ឬឆ្លុះបញ្ចាំងពីមតិ​របស់អង្គការយូនីសេហ្វឡើយ។

© Heart Patrick

អង្គរវត្ត, សៀមរាប — ថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០១៦

ក្រោយពីព្រះភិរុណបានប្រោះព្រំផែនពសុធាជោកជាំមក…

ខ្ញុំនិងមិត្តភក្តិបានបន្តដំណើររបស់យើងចេញពីប្រាសាទអង្គរវត្តវិញ តែស្រាប់តែពេលដល់ច្រកចេញប្រាង្គទី១ខ្ញុំបានពើបប្រទះនឹងទិដ្ឋភាពគួរឱ្យប្រេះបេះដូងមួយ…

នៅកៀនទ្វារមានក្មេងប្រុសតូចម្នាក់អាយុខ្ទង់៦ ៧ឆ្នាំ កំពុងអង្គុយចាំសុំទានភ្ញៀវទេសចរ។ គាត់គ្មានអាវពាក់ទេ តែមានខោកញ្ចាស់មួយជាប់ខ្លួន ហើយក្នុងដៃមានឱបទារកម្នាក់ដែលត្រូវបានរុំដណ្ដប់ដោយក្រមាដាច់រហែកមួយស្ទើរតែលេចខ្លួនចេញមកវិញ។ រាងកាយទារកនោះឡើងក្រហមរងាល ដែលខ្ញុំសន្និដ្ឋានថាទារកនេះទើបតែកើត។ ទារកនោះយំផង ស្រែកផងដោយសារតែសេចក្តីស្រេកឃ្លាន និងរងា។ ពេលឃើញដូចនេះ ខ្ញុំហាក់ដូចជាពិបាកភ្នែកមែនទែន ព្រោះមិនគួរណាក្មេងតូច និងទារកត្រូវរងទុក្ខបែបនេះទេ។ ខ្ញុំឈរមើលក្មេងនោះមួយស្របក់ ស្របពេលជាមួយគ្នានោះមានជនបរទេសពីរនាក់មកសួរក្មេងប្រុសនោះជាភាសាអង់គ្លេស ដូចនេះខ្ញុំក៏ជួយបកប្រែឱ្យគូសន្ទនា។

«ម៉ែប្អូនឯងនៅទីណា? ហេតុអ្វីមិនមើលប្អូន?»
«ម៉ែនៅផ្ទះ។ ម៉ែប្រើមកសុំលុយ…»

ខ្ញុំឮបែបនោះ ខ្ញុំឡើងស្លុតចិត្ត។ [wait what? «ម៉ែប្រើមកសុំលុយ??»]

ក្រលេកទៅជនបរទេសទាំងពីរនាក់ មានប្រតិកម្មមិនខុសពីខ្ញុំប៉ុន្មានដែរ។

«នេះវាមិនមែនជាលើកដំបូងដែលកើតមានរូបភាពដូចនេះទេ ហើយកុំគាំទ្រអំពើនេះ។ ខ្ញុំសូមទោសដែលអ្នកទាំងពីរឃើញទិដ្ឋភាពបែបនេះនៅប្រទេសខ្ញុំ។»
«មិនអីទេ! ពួកខ្ញុំក៏បានឆ្លងកាត់ទិដ្ឋភាពដូចនេះក្នុងប្រទេសរបស់ពួកខ្ញុំដែរ។ Bye!»

ទាំងពីរនាក់នោះក៏ដើរចេញ ទាំងទឹកមុខទទើសទទាល់ ហើយក៏មិនឱ្យប្រាក់ដល់ក្មេងដែរ។ចំណែកខ្ញុំនៅអាណិតក្មេងទាំងពីរ ហើយនឹកខឹងអ្នកម៉ែរបស់គាត់នោះទៀត បន្ទាប់មកក៏ហុចលុយឱ្យគ្នា២០០០រៀល រួចក៏ដើរចេញ។

រឿងនេះធ្វើឱ្យខ្ញុំនៅមិនសុខ គេងមិនលក់។ សំណួរជាច្រើនចេញមកពេញក្បាល…

តើទារកហ្នឹងរស់បានយូរទេ? ចុះបងវាវិញ? បានបាយហូបឬអត់? បានទៅរៀនទេ? ម្តាយនោះធ្វើអ៊ីចឹងធ្វើអី្វ? មិនចេះអាណិតកូនៗទេឬ? អីក៏អន់ជាងសត្វតិរិច្ឆានទៀតនោះ? បង្កើតកូនហើយហេតុដូចម្ដេចមិនចិញ្ចឹមបីបាច់គ្នាឱ្យបានល្អ បែរជាយកគ្នាមកជាឧបករណ៍ទាក់ទាញឱ្យគេអាណិតដើម្បីសុំលុយបាន???? តើលុយវាសំខាន់ជាងសាច់ ជាងឈាម និងភ្នែកបើកភ្លឹះៗទាំងគូដែលចេញពីខ្លួនឯង??

តើជីវភាពគ្រួសារនោះមានភាពយ៉ាងដូចម្តេច បានជារុញម្តាយឪពុកចិញ្ចឹមកូនមិនរស់ ហើយបែរជាឱ្យគ្នាមកសុំទាន?
ចុះបើ…គ្រួសារនោះក្រមែន…តើពួកគេរងទុក្ខវេទនាពិបាកយ៉ាងណាទៅ??
ខ្ញុំមិនដឹងថាពួកគេជួបបញ្ហាអ្វីខ្លះទេ។ ម្តាយឪពុកមានជំងឺ? ម្តាយត្រូវបានគេធ្វើបាប? ឪពុករត់ចោល? គ្មានសាច់ញាតិពឹងពាក់អាស្រ័យ? ម្តាយឪពុកពិការ?ឬក៏អ្វីដែលខ្ញុំឃើញគ្រាន់តែជាឈុតឆាកល្ខោនដែលរៀបចំឡើងដោយម្តាយឪពុករបស់ក្មេងនោះដើម្បីរកលុយបានដោយងាយស្រួល? ម្តាយឪពុកបែរជាមិនខិតខំប្រកបរបររកស៊ីធ្វើការត្រឹមត្រូវ តែបែរជាលេងល្បែងស៊ីសង ផឹកស្រា ដេកស៊ីលើកម្លាំងកូន និងប្រាក់បានពីការសុំទាន?ឬនេះប្រហែលជាមានមេក្លោងប្រមូលមនុស្សជួលឱ្យសុំទានគេ ហើយកេងប្រវ័ញ្ចយកចំណេញលើកម្លាំងក្មេងនោះទៀត?

ឯណាទៅមនុស្សធម៌?

ឯណាទៅព្រហ្មវិហារធម៌របស់ម្តាយឪពុក?
តើធម៌ទាំងពីរនេះកប់ទៅក្រហែងណាទៅ?
តើលុយពិតជាម្ចាស់គ្រប់គ្រងជីវិតឬ?
កំហុសអ្នកណាបានជាមានទិដ្ឋភាពហ្នឹងកើតឡើង?

ជាកំហុសរបស់ក្មេងនោះដែលចាប់កំណើតចំគ្រួសារបែបហ្នឹង?

ជាកំហុសរបស់ម្តាយឪពុកដែលមិនចេះតស៊ូចិញ្ចឹមគ្រួសារ?

ជាកំហុសរបស់ជីដូនជីតារបស់គ្រួសារនោះដែរមិនយកចិត្តទុកដាក់ណែនាំកូនចៅ?

ជាកំហុសសង្គមដែលបង្កឱ្យមានអ្នកមាន អ្នកក្រ មានល្បែងពាលា មានគ្រឿងស្រវឹង មានអំពើកេងប្រវ័ញ្ច មានវិសមភាពជាពិសេសលើវិស័យអប់រំដល់គ្រប់ស្រទាប់នៃប្រជាជន?​

…ឬនេះជាកំហុសរបស់ទេវតា? ជាព្រហ្មលិខិត? ជាវាសនា? ជាកម្មផលរបស់ក្មេងនោះ?

ខ្ញុំនៅតែមិនយល់ទាល់តែសោះ…

ចុះហេតុអ្វីបានជាមនុស្សមួយចំនួនសម្រេចចិត្តមកសុំទាន? ហើយម្ដេចបានជាអ្នកខ្លះទៀតនោះយកការសុំទានជារបររកស៊ី? ក្រៅពីសេចក្ដីអាណិតអាសូរជនក្រីក្រ តើយើងអាចជួយពួកគាត់តាមរបៀបណាទៀត?

ខ្ញុំមិនដឹងថាត្រូវជួយក្មេងទាំងពីរនោះតាមរបៀបណាឱ្យសម ពីព្រោះថាលុយដែលបានឱ្យអាចជួយផ្គត់ផ្គង់ពួកគេបានមួយរយៈតែប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថានឹងមានសប្បុរសជនណាម្នាក់ ឬក៏អង្គការក្រៅរដ្ឋាភិបាលនឹងប្រមូលជួយជនទីទ័លក្រតាមរយៈ ការផ្តល់ការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការផ្តល់ជាការថែទាំសុខភាព ជាលំនៅ ជាការផ្គត់ផ្គង់នានាដល់ពួកគេ។ ប្រសិនបើជាដូចនេះ ពួកគេនឹងមានសង្ឃឹមមួយកម្រិតក្នុងជីវិត។

យ៉ាងណាមិញ ខ្ញុំចង់បង្កើតភាពផ្លាស់ប្ដូរមួយ ដែលចាប់ចេញពីខ្លួនខ្ញុំផ្ទាល់ ហើយខ្ញុំជឿជាក់ថាអ្នកអានរបស់ខ្ញុំក៏អាចចាប់ផ្តើមជាមួយខ្ញុំបានដែរ។ វាអាចជាការបង្កើនចំណេះដឹងអ្នកនៅជុំវិញខ្លួនអោយយល់ដឹងច្បាស់ពីវិសមភាពរវាងអ្នកមាននិងអ្នកក្រ ឬជម្រុញអោយមនុស្សម្នាក់ៗបញ្ចេញគំនិតនិងផ្តោះប្តូរគំនិតជាមួយអ្នកដទៃ (ឧ. តាមការសរសេរប្លុក)។​ លើសពីនេះទៅទៀតយើងអាចចូលរួមជាថវិកាដល់វិភាគទានជួយជនក្រីក្រតាមរយៈសមាគមនានា ហើយអាចជួយជាកម្លាំងស្ម័គ្រចិត្តក្នុងសហគមន៍ ឬកម្មវិធីនានាដើម្បីបង្ហាត់បង្រៀនចំណេះដឹង ឬវិជ្ជាជីវៈដូចជាការបង្ហាត់អាន សរសេរ ភាសាខ្មែរ និងអង់គ្លេសដល់ពួកគេជាដើម។ ចំពោះខ្លួនខ្ញុំផ្ទាល់ថ្វីត្បិតតែខ្ញុំគ្មានអ្វីជាដុំកំភួនសម្រាប់ចូលរួមជួយដល់ជនក្រីក្រក្នុងប្រទេស ខ្ញុំកំពុងខិតខំសិក្សាមុខជំនាញរបស់ខ្ញុំ ដើម្បីមានសមត្ថភាពបរិបូរជាគ្រូពេទ្យម្នាក់ចុះជួយប្រជាជនទីទ័លតាមតំបន់ដាច់ស្រយាល ហើយខ្ញុំនឹងបន្តសកម្មភាពស្ម័គ្រចិត្តរបស់ខ្ញុំជានិរន្តរ៍។

ចុះអ្នកវិញ? តើអ្នកប្តេជ្ញាចិត្តយ៉ាងណា? កុំអង្គុយបន្ទោសព្រេងវាសនា! អ្នកអាចកែប្រែអ្វីៗទាំងអស់នៅជុំវិញអ្នក ព្រោះរាល់ការផ្លាស់ប្ដូរទាំងអស់ចាប់ផ្ដើមពីអ្នកផ្ទាល់តែម្ដង!

Originally posted on Thursday, September 8, 2016

Voices of Youth Cambodia

Voices of Youth Cambodia, supported by UNICEF, showcases a vibrant community of youth bloggers and their inspiring opinion & insight ❤

Welcome to a place where words matter. On Medium, smart voices and original ideas take center stage - with no ads in sight. Watch
Follow all the topics you care about, and we’ll deliver the best stories for you to your homepage and inbox. Explore
Get unlimited access to the best stories on Medium — and support writers while you’re at it. Just $5/month. Upgrade