គម្លាតនៃផ្នត់គំនិតរវាងក្មេងជំនាន់ក្រោយ និងមនុស្សចាស់ ទៅលើអ្នកស្រលាញ់ភេទដូចគ្នា

Voices of Youth Cambodia
2 min readNov 16, 2017

--

ដោយ៖ដារេត​ សុភាប្ញទ្ធិ

©Nicolas Fuentes/2015/CC BY-NC-SA 2.0

តាំងពីវ័យកុមារភាព ខ្ញុំតែងតែត្រូវបានគេមើលងាយ និងបន្តុះបង្អាប់ថាជាមនុស្សប្រុសមិនប្រុស ស្រីមិនស្រី។​​ ខ្ញុំក៏ជឿជាក់ដែរថា មិនមែនមានតែខ្ញុំម្នាក់ទេដែលត្រូវបានគេហៅបែបនេះ ពីព្រោះការរើសអើងទៅលើអ្នកស្រលាញ់ភេទដូចគ្នាកើតឡើងនៅសឹងគ្រប់ទីកន្លែង។​

មិនថាអ្នកជាមនុស្សស្រលាញ់ភេទដូចគ្នា ឬមិនមែនក្តី អ្នកក៏អាចត្រូវបានគេហៅជាឈ្មោះអសុរោះផ្សេងៗ បើសិនជាកាយវិការដែលអ្នកប្រព្រឹត្តទៅមិនសមស្របទៅតាមលក្ខណៈនៃភេទនីមួយៗដែលមនុស្សទូទៅរំពឹងទុក។​

ក៏ប៉ុន្តែពេលខ្លះ តើអ្នកទាំងអស់គ្នាធ្លាប់មានចម្ងល់ដែរទេថា៖

តើហេតុអ្វីបានជាប្រជាជនខ្មែរ ជាពិសេសមនុស្សចាស់មួយចំនួនរើសអើងអ្នកស្រលាញ់ភេទដូចគ្នាយ៉ាងដូច្នេះ?

ហេតុអ្វីបានជាមានការស្អប់ខ្ពើមដូចនេះ?​

©Kevin Wong/2008/CC BY 2.0

នៅក្នុងអត្ថបទនេះ ខ្ញុំនឹងបង្ហាញពីគំនិតផ្ទាល់ខ្លួនមួយចំនួនទាក់ទងនឹងការខ្វែងគំនិតគ្នារវាងមនុស្សជំនាន់មុន និង​ក្មេងសម័យនេះ ទៅលើបញ្ហាអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា។

ហេតុផលមួយដ៏សមស្របដែលអាចឆ្លើយនឹងសំនួរខាងលើបាននោះគឺភាពខុសប្លែកពីមនុស្សភាគច្រើន។

ជាការពិតណាស់ មនុស្សចាស់ភាគច្រើន ឬមិនថាអ្នកជំនាន់ក្រោយនោះទេ ការស្រលាញ់ភេទដូចគ្នាអាចជារឿងចម្លែក ឬអ្វីដែលពួកគាត់ពុំធ្លាប់បានដឹង ឬមិនមានចំណេះដឹងអ្វីទាក់ទងនឹងបញ្ហានេះ។​

ម្យ៉ាងវិញទៀត បរិស្ថានដែលពួកគាត់រស់នៅគឺធ្លាប់តែមានការរៀបការ និងសេ្នហារវាងភេទផ្ទុយគ្នាក៏ថាបាន។

ចំណែកឯមូលហេតុមួយទៀតគឺថា ប្រជាជនខ្មែរមួយចំនួនបានធំដឹងក្តីឡើងហើយឃើញនូវការបង្អាប់ផ្សេងៗទៅលើអ្នកស្រលាញ់ភេទដូចគ្នា ដែលអាចធ្វើឲ្យសកម្មភាពបែបនេះក្លាយជារឿងធម្មតាម្យ៉ាងដែលគ្រប់គ្នាប្រព្រឹត្ត។

ការបកស្រាយដែលខ្ញុំបានលើកឡើងនេះអាចមានលក្ខណៈមិនគ្រប់ជ្រុងជ្រោយ ហេតុដូច្នេះហើយ ខ្ញុំនឹងលើកយកការបកស្រាយរបស់សមាគមដ៏ល្បីមួយរបស់សហរដ្ឋអាមេរិក (American Psychological Association)។​

©Nicolas Fuentes/2015/CC-BY-NC-SA 2.0

American Psychological Association បានលើកឡើងថា​ ការរើសអើងអាចកើតឡើងទៅលើមនុស្សគ្រប់រូប ដូចជាការរើសអើងពូជសាសន៍ ភេទ អាយុ និងលក្ខណៈភេទ​។ ក៏ប៉ុន្តែ បើយើងចង់សង្កេតមើលថា តើហេតុអ្វីបានជាមានការរើសអើងនោះគឺជារឿងមួយដែលកាន់តែស្មុគស្មាញជាងនេះទៅទៀត​។​ សមាគមរបស់សហរដ្ឋអាមេរិកមួយនេះក៏បានបកស្រាយបន្តទៀតថា វាជារឿងធម្មជាតិមួយដែលខួរក្បាលរបស់មនុស្សបែងចែកអ្វីៗជុំវិញខ្លួនតាមប្រភេទដើម្បីឲ្យមានការងាយស្រួលយល់ពីពិភពលោក។

ឧទាហរណ៍ថាកុមារតូចៗអាចបែងចែកភាពខុសគ្នារវាងភេទប្រុសនិងភេទស្រីជាដើម។ ក៏ប៉ុន្តែតម្លៃ ការគិត និងការយល់ដឹងទៅលើប្រភេទក្រុមនីមួយៗដែលមនុស្សបានបែងចែកនោះមានលក្ខណៈខុសៗគ្នាទៅតាមការធំដឹងក្តីរបស់មនុស្សនីមួយៗដែលអាចមានការជះឥទ្ធិពលពីឪពុកម្តាយ មិត្តភក្តិ និងការសង្កេតមើលរបស់មនុស្សម្នាក់ៗផងដែរ។

ហើយជារឿយៗនោះ ការរើសអើងកើតចេញមកពីភាពភ័យខ្លាច និងការយល់ច្រឡំ។

ការ​រើសអើងអាចផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អ្នកស្រលាញ់ភេទដូចគ្នាបើយោងទៅតាមការសិក្សានាឆ្នាំ២០០៩មួយ។​ Center for Disease Control and Prevention​ (CDC) បានឲ្យដឹងថា យុវជន LGBT (Lesbian, Gay, Bisexual, Transgender) ដែលទទួលបានការរើសអើង​ ឬការបដិសេធធ្ងន់ធ្ងរនោះអាចប្រឈមនឹងការ​ធ្វើអត្តឃាត ៨ដងច្រើនជាងយុវជនផ្សេងទៀត​ ហើយប្រឈមនឹងការរងគ្រោះដោយជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ច្រើនជាងយុវជនផ្សេង៦ដងផងដែរ។​

©Alicia J. Rose/2013/CC BY-SA 2.0

ជាទូទៅ ប្រជាជនខ្មែរតែងតែហៅមនុស្សដែលស្រឡាញ់ភេទដូចគ្នាថាជាមនុស្សខ្ទើយ។

បើយោងទៅតាមវចនានុក្រមខ្មែរចេញផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ “ខ្ទើយ” មានន័យថា “មនុស្សមានភេទ ស្ទើរប្រុស ស្ទើរស្រី”។​

តាមរយៈការបកស្រាយពាក្យនេះយើងអាចសន្និដ្ឋានបានថា សង្គមខ្មែរតាំងពីដើមមកមានការកំណត់និងបែងចែកយ៉ាងខ្ជាប់ខ្ជួននៃឥរិយាបថរបស់ភេទប្រុសនិងភេទស្រី ដូច្នេះប្រសិនបើនរណាម្នាក់កើតមកជាភេទមួយក៏ប៉ុន្តែមានចរិតលក្ខណៈដែលប្រជាជនខ្មែរទូទៅចាត់ទុកជារបស់ភេទមួយទៀត ម្នាក់នោះអាចនឹងត្រូវគេហៅថាជាមនុស្សខ្ទើយ។​

ចំពោះខ្ញុំផ្ទាល់ ខ្ញុំមិនយល់ស្របនឹងការដាក់សម្ពាធ ឬការកំណត់ឥរិយាបថនៃភេទនីមួយៗឡើយ។ មនុស្សគ្រប់រូបគួរតែមានសិទ្ធិក្នុងការប្រព្រឹត្តនូវកាយវិការ ឬក៏ការនិយាយស្តីតាមបែបបទដែលពួកគាត់គិតថាសមរម្យ និងមិនមានការបង្ខំ។ ពួកគាត់ក៏មិនត្រូវមានអារម្មណ៏ថាគាត់ត្រូវតែខំប្រឹងបញ្ចេញអាកប្បកិរិយាដើម្បីកុំឲ្យគេតិះដៀលនោះឡើយ ផ្ទុយទៅវិញអ្នកដែលរើសអើង និងប្រើប្រាស់ពាក្យពេចន៍មិនសមរម្យទៅលើពួកគាត់ទៅវិញទេគួរតែបញ្ឈប់នូវភាពអវិជ្ជមាន។

ខ្ញុំជឿថាភាសាខ្មែរយើងមានការខ្វះខាតពាក្យដើម្បីសម្រាប់សំដៅទៅលើក្រុម LGBT (Lesbian, Gay, Bisexual, Transgender) ឬក៏យើងអាចនិយាយបានថានិយមន័យពាក្យ “ខ្ទើយ”នៅក្នុងវចនានុក្រម មិនមានលក្ខណៈសមស្របសម្រាប់បរិយាយអ្នកស្រលាញ់ភេទដូចគ្នា។ ពួកគាត់អាចប្រកាន់អត្តសញ្ញាណខ្លួនឯងថាជាភេទមួយពិតប្រាកដបាន ក៏ប៉ុន្តែគ្រាន់តែគាត់មិនស្រលាញ់ភេទផ្ទុយគ្នាតែប៉ុណ្ណោះ។​​​​​

ក្នុងភាសាខ្មែរ ពាក្យ “Gay” និង “Transgender”​ បកប្រែចេញជាពាក្យតែមួយគឺ “ខ្ទើយ”។ ប៉ុន្តែលក្ខណៈភេទទាំងពីរនេះគឺខុសគ្នាស្រឡះ។

យើងបានស្វែងយល់ពីការរើសអើង និងភាពខ្វែងគំនិតគ្នាទាំងប៉ុន្មានរវាងមួយជំនាន់ ទៅនឹងមួយជំនាន់ទៀត និងហេតុផលមួយចំនួនដែលនាំឲ្យមានបញ្ហាទាំងនេះកើតឡើងរួចខ្លះមកហើយ។

តើយើងអាចមានដំណោះស្រាយសម្រាប់បញ្ហានេះដែរឬទេ?

©Theen Moy/2014/CC-BY-NC-SA 2.0

ចម្លើយទៅកាន់សំណួរខាងលើនោះគឺ មាន!

ដំណោះស្រាយដ៏ចាំបាច់មួយគឺការយោគយល់ និងការស្វែងយល់ពីគ្នាទៅវិញទៅមក។​ ជាការពិតណាស់នៅពេលដែលក្រុមប្រជាជនកម្ពុជាជំនាន់មុនៗបានយល់ដឹងច្បាស់ថា អ្នកស្រលាញ់ភេទដូចគ្នាក៏មានលក្ខណៈដូចជាមនុស្សដទៃ ពីព្រោះពួកគាត់ចង់ទទួលបានការស្រលាញ់ពីអ្នកដទៃនិងគូស្រករ ព្រមទាំងការគោរពនិងការទទួលស្គាល់ ការរស់នៅដោយសន្តិភាព និងមានភាពចុះសម្រុងគ្នា ជាពិសេសនោះគឺសេចក្តីសុខ។

ប្រធានបទនៃសហគមន៍​ LGBT និងអត្តសញ្ញាណពួកគាត់អាចមានលក្ខណៈស្មុគស្មាញសម្រាប់អ្នកដែលពុំធ្លាប់បានដឹង ប៉ុន្តែមិនមែនមានន័យថាដោយសារតែកង្វះការយល់ដឹងនេះពួកគាត់មិនអាចរស់នៅចុះសម្រុងគ្នានោះទេ។​ ម៉្យាងទៀតអ្វីដែលពួកយើងជាយុវជនត្រូវធ្វើនោះ គឺជួយអប់រំអ្នកដែលមិនធ្លាប់ដឹងឲ្យយល់បានខ្លះថា អ្វីទៅជា LGBT?

អ្វីដែលខ្ញុំចង់ឲ្យមនុស្សជំនាន់មុន ឫអ្នកដែលមិនយល់ស្របនឹងអ្នកស្រលាញ់ភេទដូចគ្នានោះគឺថា ក្នុងនាមជាមនុស្សពួកយើងគួរទទួលស្គាល់នូវភាពចម្រុះ ឬអ្វីដែលខុសប្លែកពីខ្លួនយើង។ ទោះបីជាយើងមិនអាចទទួលស្គាល់នូវភាពចម្រុះនោះភ្លាមៗក៏ដោយ មិនមែនមានន័យថាយើងគួរតែរើសអើង ស្អប់ខ្ពើម និងតិះដៀល​អ្នកដែលមានលក្ខណៈសម្បត្តិខុសពីមនុស្សភាគច្រើនដែរ។​

មានមនុស្សមួយចំនួនក៏បានលើកសំណួរមួយឡើងផងដែរថា «តើការស្រឡាញ់ភេទដូចគ្នាជារឿងធម្មជាតិមែនអត់?»

ចំពោះសំណួរខាងលើ បើយោងតាមអត្ថបទមួយចុះផ្សាយក្នុង BBC (British Broadcasting Corporation)​​ មានការស្រលាញ់ភេទដូចគ្នារវាងសត្វនៅលើលោកយើងនេះជាច្រើនទសវត្សរួចមកហើយ។​ នៅក្នុងសៀវភៅដ៏ល្បីមួយរបស់​លោក Bruce Bagemihl​ ដែលមានចំណងជើងថា Biological Exuberance ​​​(1999) អ្នកនិពន្ធមួយរូបនេះបានលើកឧទាហរណ៍ជាច្រើនអំពីអាក្បកិរិយានៃសត្វដែលស្រលាញ់ភេទដូចគ្នារាប់រយប្រភេទ។​

វាក៏ជារឿងដែលគួរឲ្យអស់សំណើចមួយដែរ ដែលក្នុងចំណោមប្រភេទសត្វលើលោក មានតែមនុស្សដែលរើសអើងការស្រលាញ់ភេទដូចគ្នា។​

Blogger ជនជាតិខ្មែរម្នាក់ ដែលមានប្លុកឈ្មោះថា Ms. Cheng’s Corner ក៏បានសរសេរអំពីបញ្ហានេះក្នុងអត្ថបទប្លុកដែលមានចំណងជើងថា «ទើសឥន្ធនូ?» ដោយលើកឡើងថា៖

«ការស្រឡាញ់ភេទដូចគ្នាត្រូវបានគេសង្កេតឃើញនៅក្នុងអាកប្បកិរិយារបស់សត្វ៥០០ប្រភេទ តែការស្អប់ខ្ពើមការស្រឡាញ់ភេទដូចគ្នាត្រូវបានគេសង្កេតឃើញតែនៅក្នុងប្រភេទយើងតែប៉ុណ្ណោះ។​ តើមួយណាខុសធម្មជាតិជាង?»

©Julie Missbutterflies/CC BY-SA 2.0

ជាចុងក្រោយនេះ មនុស្សគ្រប់គ្នាគួរតែបញ្ឈប់ការរើសអើង និងស្អប់ខ្ពើមអ្នកដែលស្រឡាញ់ភេទដូចគ្នា និងងាកមកស្វែងយល់ពីពួកគាត់វិញទើបជាការប្រសើរ។​ អ្វីដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាននោះគឺសេចក្តីសុខ ហើយយើងអាចយកបំណងប្រាថ្នារួមនេះមកប្រើប្រាស់ជាគោលដៅមួយសម្រាប់ការយោគយល់ និងទទួលស្គាល់គ្នា ដោយឡែកពីភាពខុសគ្នាទាំងប៉ុន្មានដែលយើងមានក្នុងនាមជាមនុស្ស។​

ខ្ញុំក៏មានក្តីសង្ឃឹមមួយដែរថា នាពេលអនាគតក្រុមសហគមន៍ LGBTQ+ និងពុំទទួលការរើសអើងដូចពេលបច្ចុប្បន្ននេះ។

ជួបគ្នានៅប្លុកក្រោយទៀត។​ ❤ 🌈

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

--

--

Voices of Youth Cambodia

Voices of Youth Cambodia, supported by UNICEF, showcases a vibrant community of youth bloggers and their inspiring opinion & insight ❤