“តាំងចិត្ដហើយមិនធ្វើស្មើនឹងបរាជ័យ”

លិន ស្រីអន

©yongchanbondith/2017

ស្ថិតក្នុងសម្លៀកបំពាក់ដ៏សាមញ្ញ ខោខូប៊យជើងវែង អាវយឺតដៃខ្លីជាមួយនឹងកាបូបស្ពាយពីក្រោយ នេះគឺជាយុវជនម្នាក់ដែលខ្ញុំបានកត់សម្គាល់ និងចង់ចែករំលែកពីបទពិសោធន៍របស់គាត់ជាមួយអ្នកនៅថ្ងៃនេះ។ ខ្ញុំបានស្គាល់គាត់ពេលយើងចាប់ផ្ដើមថ្នាក់ភាសាថៃជាមួយគ្នា។ ផ្ដើមដំបូងនៃថ្នាក់រៀនគឺជាការណែនាំខ្លួនខ្លីៗ គ្រប់គ្នាបាននិយាយរៀបរាប់ពីខ្លួនឯងម្នាក់ម្ដងៗ ដល់វេនរូបគាត់ដែលត្រូវណែនាំខ្លួន ខ្ញុំបានចាប់អារម្មណ៍នឹងប្រវត្ដិនៃការសិក្សារបស់បងប្រុស ដោយគាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មកពី សាកលវិទ្យាល័យមួយនៅប្រទេសអង់គ្លេស។

តែចំណុចដែលខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺរបៀបដែលគាត់ប្រព្រឹត្ដ។ គាត់ជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ ទោះជាកម្រិតនៃការសិក្សាល្អ និងបានខ្ពង់ខ្ពស់ក៏ដោយ។ យុវជនដែលខ្ញុំបានរៀបរាប់ខាងលើនេះមានឈ្មោះថា យង់ ច័ន្ទបណ្ឌិត។ គាត់មានអាយុ២៩ឆ្នាំ មានដើមកំណើតមកពីខេត្ដកំពង់ចាម ហើយបានបន្តរៀនថា្នក់ឧត្ដមសិក្សានៅក្រុងភ្នំពេញក្រោយប្រឡងបាក់ឌុបរួច។ គាត់បានជ្រើសរើសរៀនផ្នែកនិតិសាស្រ្ដ នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច (RULE)។ ទន្ទឹមគ្នានេះដែរ គាត់ក៏បានចាប់យកជំនាញអក្សរសាស្រ្ដអង់គ្លេស នៅវិទ្យាស្ថានភាសាបរទេស (IFL) ។ បច្ចុប្បន្ន គាត់បម្រើការងារជាអ្នកប្រឹក្សាផ្នែកច្បាប់ក្នុងការិយាល័យមេធាវីមួយ ក្នុងទីក្រុងភ្នំពេញ។

ខ្ញុំបានសុំឱ្យគាត់ចែករំលែកបទពិសោធខ្លះៗពីការសិក្សា និងអ្វីដែលគាត់ឆ្លងកាត់អំឡុងពេលសិក្សានៅក្រៅប្រទេស។
ឆ្លើយទៅនឹងសំណួររបស់ខ្ញុំដែលបានសួរថា តើកត្តាអ្វីដែលជំរុញបងរហូតឱ្យបន្តការសិក្សានៅបរទេស?
គាត់បានតបថា វាជាបំណងរបស់គាត់ ហើយក៏ជាក្ដីស្រមៃផងដែរ។ អ្វីដែលត្រូវចងចាំនោះគឺកុំបោះបង់ចោលគោលបំណង ព្រោះគាត់មិនបានអស់សង្ឃឹមក្រោយការបរាជ័យនៃ អាហារូបករណ៍មួយចំនួនកន្លងមកនោះទេ។ ផ្ទុយទៅវិញ ត្រូវរៀនពីចំណុចខ្វះខាតដែលមាន ជាក់ស្ដែងដើម្បីដាក់អាហារូបករណ៍បាន គឺទាមទារកម្រិតភាសាអង់គ្លេសតាមរយៈការប្រឡង IELTS ដែលមានកម្រិត7.0 ពេលនោះគាត់មិនបានពិន្ទុដែលល្មមនោះទេ តែគាត់បានបន្ដខំប្រឹងបន្ថែមទៀត។

©yongchanbondith/2017 រូបភាពបងប្រុស បណ្ឌិត ស្ថិតនៅកណ្ដាល (គាត់ពាក់មួកជាប់រហូតព្រោះអាកាសធាតុត្រជាក់ខ្លាំងសម្រាប់គាត់)

ការដែលត្រូវឃ្លាតឆ្ងាយពីគ្រួសារ មិត្តភក្តិហើយត្រូវរស់នៅតែម្នាក់ឯងបែបនោះ មិនមែនជារឿងងាយស្រួលឡើយ។ ទោះបីបងប្រុសគិតថាការប្រកួតប្រជែងនៃការសិក្សានៅទីនោះមិនមែនជាឧបសគ្គខ្លាំងសម្រាប់គាត់ក៏ដោយ ក៏គាត់នៅតែប្រឈមនឹងបញ្ហាខ្លះដែរ ដូចជាគាត់មិនអាចយល់បានមេរៀនទាំងអស់នោះទេ ហើយ មេរៀនខ្លះគឺថ្មីសម្រាប់គាត់។ ម្យ៉ាងបើប្រៀបធៀបពីការរៀននៅប្រទេសអង់គ្លេស​ គឺខុសគ្នាឆ្ងាយណាស់ពីការរៀនក្នុងស្រុក។ និស្សិតភាគច្រើនចំណាយពេលក្នុងបណ្ណាល័យអានសៀវភៅ ធ្វើការស្រាវជ្រាវជាដើម ហើយបណ្ណាល័យទៀតសោតបើករហូតដល់ម៉ោង ១២ យប់ឯណោះ។ គាត់បានបន្ថែមទៀតថា ពេលដែលគាត់ត្រូវការកម្លាំងចិត្ដ គាត់តែងមើលរូបថតរបស់ប៉ាម៉ាក់គាត់ជានិច្ច ព្រោះគ្មាននរណាផ្សេងទៀតទេនៅពេលនោះ។

យើងដឹងហើយថានិស្សិតច្បាប់ត្រូវការអានសៀវភៅច្រើនណាស់ ដោយសារគាត់រៀនជាភាសាបរទេស មិនមែនជាភាសាកំណើតដើម្បីអាចយល់មេរៀនក្នុងសៀវភៅបាន គាត់ត្រូវចំណាយពេលអាន​យ៉ាងហោចណាស់ក៏បីដងដែរ បូកផ្សំនឹងវិធីសាស្រ្ដខ្លះៗដើម្បីជួយដល់ការចងចាំ ដូចជាការសរសេរចំណាំខ្លីៗ និងគូសហាយឡាយត៍ជាដើម ដើម្បីអាចរៀនទាន់គេ។

ជាការផ្ដាំផ្ញើ គាត់បានបញ្ចប់ដោយឃ្លាមួយ “រៀនហើយមិនរំលឹកស្មើនឹងភ្លេច តាំងចិត្ដហើយមិនធ្វើស្មើនឹងបរាជ័យ”។ តាមរយៈឃ្លាខាងលើនេះបងប្រុសចង់ដាស់តឿនដល់មិត្ដអ្នកអានថា បើអ្នកមានចិត្តចង់ធ្វើអ្វីមួយតែមិនខិតខំដើម្បីសម្រេចយកវាឱ្យបាននោះ គឺគ្មានតម្លៃអ្វីទាំងអស់។ វាគ្រាន់តែជាក្ដីស្រមៃដែលគ្មានថ្ងៃនឹងក្លាយជាការពិត ជាក់ស្ដែងរូបគាត់ផ្ទាល់បានត្រៀមខ្លួនដើម្បីសម្រេចគោលដៅនៃជីវិត។

ដូច្នេះសូមចាំថា ទោះបីពេលខ្លះអ្នកជួបឧបសគ្គ ធ្លាក់ទឹកចិត្ដ ត្រូវការកម្លាំងចិត្ដសូមគិតដល់អ្វីមួយដែលជំរុញចិត្ដអ្នកមិនឱ្យបោះបង់វា និងនៅតែបន្ដរហូតដល់ទទួលបានផ្លែផ្កា៕

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

One clap, two clap, three clap, forty?

By clapping more or less, you can signal to us which stories really stand out.