បញ្ហាប្រឈមរបស់យុវជនដែលមានពិការភាពខាងភ្នែកក្នុងការស្វែងរកការងារធ្វើ

ដោយ សូ សុខឃីម

© 张 学欢/2017/Unsplash

បើទោះបីជាការរើសអើងជនពិការត្រូវបានកាត់បន្ថយក៏ពិតមែនក្នុងសង្គមកម្ពុជាយើង ប៉ុន្តែចំពោះការ​ស្វែងរកការងារធ្វើនៅតែស្ថិតក្នុងកម្រិតមួយទាប ពិសេសគឺពិការភ្នែក។ តើការស្វែងរកការងារធ្វើរបស់យុវជនដែលមានពិការភាពពិតជាប្រឈមមែនឬ? ព្រោះអ្វី?

ជាក់ស្ដែងការរើសអើសចំពោះជនពិការភ្នែកនៅក្នុងសង្គមយើងកំពុងតែកាត់បន្ថយ ប្រៀបដូចជាការ​ដើរ​របស់ទ្រនិចនាឡិកា ដោយមានការចូលរួមពីសំណាក់តួអង្គផ្សេងៗរួមមាន៖

  • តួអង្គរដ្ឋាភិបាល បានខិតខំប្រឹងប្រែងបង្កើតច្បាប់ផ្នែកពិការភាព ដើម្បីជួយគាំទ្រ និងលើកកម្ពស់ជនពិការ​ ដែលកំពុងរស់នៅក្នុងសង្គមខ្មែរយើងអោយបានទទួលបាននូវសិទ្ធិដូចជាមនុស្សធម្មតាដែរ។ ឧទាហរណ៍​ជាក់ស្ដែងចំពោះការទទួលយកជនពិការ អោយចូលធ្វើការនៅក្នុងស្ថាប័នរដ្ឋមានចំនួន ២% និង ១% ​ចំពោះស្ថាប័នឯកជន។
  • លើសពីនេះទៅទៀត ក៏មានការចូលរួមជាច្រើនពីសំណាក់អង្គការក្រៅ​រដ្ឋាភិបាល​ដោយផ្ទាល់ និងប្រយោល ដូចជា ការគាំទ្រផ្នែកបច្ចេកទេសថវិកា ការអប់រំផ្សព្វផ្សាយ។ល។

យ៉ាងណាមិញ បើទោះបីជាមានការខិតខំប្រឹងប្រែងចូលរួមគាំទ្រ និងលើកកម្ពស់ផ្នែកវិស័យពិការភាពយ៉ាង​ណាក៏ដោយពីសំណាក់អ្នកពាក់ព័ន្ធ ក៏នៅតែមានកត្តាមួយចំនួនដែលបណ្ដាលអោយមានការរាំងស្ទះ ឬ​ប៉ះពាល់ចំពោះការស្វែងរកការងាររបស់យុវជនពិការនៅសង្គមមានដូចជា៖

- កត្តាគ្រួសារ៖ ឪពុកម្ដាយដែលមានកូនជាជនពិការនៅក្នុងបន្ទុកពុំសូវមានចំណេះដឹង ការជម្រុញ ការលើក​ទឹកចិត្ត ការផ្តល់ឪកាស ការយកចិត្តទុកដាក់ ការតាមដានលើការសិក្សា ឬសុខភាព នៅមានកម្រិត ពិសេសកូន​ដែលមានពិការភាពភ្នែក។

- កត្តាស្ថាប័នអង្គការពាក់ព័ន្ធ៖ ទទួលខុសត្រូវលើផ្នែកការអភិវឌ្ឍពិការភាពមិនទាន់មានចំណេះ​ដឹង​គ្រប់គ្រាន់ ឬស៊ីជម្រៅអំពីតម្រូវការពិតប្រាកដ អំពីបញ្ហាប្រឈមដែលត្រូវការដំណោះស្រាយជាក់លាក់សម្រាប់ឆ្លើយ​តប​ទៅនឹងតម្រូវការរបស់ជនពិការ ជាពិសេសជនពិការភ្នែក។

- កត្តាវិស័យឯកជន៖ ខ្វះព័ត៍មាន និងចំណេះដឹងពាក់ព័ន្ធទៅនឹងសមត្ថភាព លទ្ធភាព ដែលជនពិការ​អាច​ធ្វើបាន។

- កត្តាមជ្ឈដ្ឋានជុំវិញ៖ ពុំទាន់បើកចិត្តឲ្យទូលាយដើម្បីទទួលយក នឹងឲ្យតម្លៃពេញលេញចំពោះ​សមត្ថភាព និងលទ្ធភាពដែលជនពិការអាចធ្វើបាន

- កត្តាផ្សព្វផ្សាយ៖ មិនមានការបង្ហាញអំពីសមត្ថភាព ចំណេះដឹង លទ្ធភាពរបស់ជនពិការនៅលើប្រព័ន្ធ​ផ្សព្វផ្សាយអោយបានច្រើន។

- កត្តាអប់រំ៖ មិនទាន់មានគុណភាពគ្រប់គ្រាន់ សម្រាប់ផ្ដល់ឲ្យជនពិការដូចជា៖ សាលាវិជ្ជាជីវៈក្នុង​ប្រព័ន្ធ ឬក្រៅប្រព័ន្ធពិសេសគឺពិការភ្នែក។

- កត្តាច្បាប់ដែលខ្វះការយល់៖ ខ្វះការយល់ដឹង ការផ្សព្វផ្សាយ និងការអប់រំអោយបានទូលំទូលាយ និងប្រសិទ្ធិភាពនៃការអនុវត្តច្បាប់។

កត្តាទំាងអស់នេះហើយគឺជាបញ្ហាប្រឈមរបស់ជនពិការ ពិសេសជនពិការផ្នែកភ្នែកពិបាកក្នុងការស្វែងរក​ការងារធ្វើដើម្បីចិញ្ចឹមជីវិតនៅក្នុងសង្គមយើង។ ម្យ៉ាងទៀតចំពោះដំណោះស្រាយ គួរពង្រឹងលើគុណភាពនៃការអប់រំ​សម្រាប់​ជនពិការ ដូចជាជនពិការផ្នែកភ្នែក ដោយពង្រឹងនូវសមត្ថភាព ចំណេះដឹងដល់ពួកគាត់។ ចំពោះអ្នកដែលអនុវត្តច្បាប់ ឬអ្នកនយោបាយ ត្រូវសិក្សាឲ្យបានច្បាស់លាស់អំពីតម្រូវការរបស់ជនពិការ ពិសេសជនពិការភ្នែក ដើម្បីរៀបចំធ្វើគោលនយោបាយ ច្បាប់ ដែលមានការឆ្លើយតបឲ្យមានប្រសិទ្ធិភាព​ចំពោះបញ្ហាដែលកើតមាន។

ដូចនេះហើយ ដើម្បីធ្វើឲ្យជនពិការអាចមានឳកាសក្នុងការក្រោកឈរ ឬមានការងារធ្វើដូចជាមនុស្ស​ធម្មតា លុះត្រាតែមានការផ្តល់ឳកាសជួយជ្រោមជ្រែងពីសំណាក់ក្រុមគ្រួសារ សាច់ញាតិ លោកគ្រូអ្នកគ្រូ មិត្តភក្ដិ ​មនុស្សដែលពាក់ព័ន្ធ និងមជ្ឈដ្ឋានជុំវិញទាំងអស់។ លើសពីនេះទៅទៀត ការធ្វើបែបនេះ គឺសម្រាលបន្ទុករបស់​យើងទាំងអស់គ្នានៅក្នុងសង្គម ពីព្រោះតែពួកគាត់អាចធ្វើកិច្ចការងារ ឬប្រកបមុខរបរណាមួយដើម្បីចិញ្ចឹមជីវិតខ្លួន​បាន។

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

Show your support

Clapping shows how much you appreciated Voices of Youth Cambodia’s story.