យុវជនម្នាក់នោះជានរណា?

By Vantha Sieng

©Vantha Sieng/2017

យូនីសេហ្វកម្ពុជា

សម្លេងយុវជនកម្ពុជា

ប្រធានបទ ៖ ប្រាប់ពីខ្លួនអ្នក!

ចំណងជើង ៖ យុវជនម្នាក់នោះជានរណា?

ក្នុងរាត្រីដ៏ត្រជាក់ដែលមានខ្យល់ធ្លាក់មកប៉ះនឹងកាយ យុវជនម្នាក់នោះមិនមែនគេងនៅ​ក្នុង​បន្ទប់ដូចជាគេឡើយ តែជាញឹកញាប់គេគេងនៅមុខអាគារមួយនៅក្នុងមន្ទីរបរិស្ថានខេត្តរតនគិរីក្នុងនាមជាអ្នកយាមអាគារពេលយប់។ នៅពេលដែលមាន​ភ្លៀងធ្លាក់ម្ដងៗ ទើបគេរើប៉ាវអ៊ី មុង ភួយ ខ្នើយចូលទៅគេងក្នុងអាគារ។

វាហាក់ដូចជាគេងបានតែមួយស្របក់ប៉ុណ្ណោះ ដល់ម៉ោងប្រាំព្រឹកជាពេលដែលមនុស្សដទៃទៀតកំពុងតែទទួលបាន នូវដំណេកដ៏លុងលក់ស្រួល នាឡិការបស់​គេបានរោទ៍ខ្ទរខ្ទារ​បញ្ជាក់ប្រាប់ថាគេដល់ម៉ោងក្រោកពីដំណេកហើយ។ គ្រាន់តែក្រោកភ្លាម គេប្រញាប់​ប្រញាល់ក្នុងការរៀបចំឥវ៉ាន់ ព្រោះគេមិនមែនត្រឹមតែជាអ្នកយាមពេលយប់ឯណា តែគេក៏ជាអ្នកបណ្ដុះផ្សិតយកទៅលក់នៅផ្សារពេលព្រឹកផងដែរ។ រៀងរាល់ព្រឹក មុនពេលរៀបចំ​ខ្លួនទៅ​សាលា​រៀន ការងារ របស់គេគឺបេះផ្សិត ហើយយកទៅលក់អោយម៉ូយនៅផ្សារបានលុង ខេត្តរតនគិរី។ ការងារជាអ្នកយាម ​អាគារនៅពេលយប់ និងលក់ផ្សិត បានចិញ្ចឹមយុវជនម្នាក់នេះរយៈពេលបីឆ្នាំរហូតដល់គេបញ្ចប់ការសិក្សាថ្នាក់ ​វិទ្យាល័យនៅឆ្នាំ២០១៤ ដោយជោគជ័យ។

យុវជនម្នាក់នោះគឺឈ្មោះថា សៀង វន្ថា។ វន្ថា គឺជាកូនទីបីក្នុងចំណោមបងប្អូនប្រុសទាំងអស់​ប្រាំ​នាក់។ វន្ថា មានឪពុក ដែលអោយតម្លៃទៅលើការអប់រំខ្លាំងណាស់។ គាត់តែងតែប្រាប់កូនៗរបស់គាត់ថា ភាពក្រីក្រមិនអាច ខំាជាប់គ្រួសារ ដែលមានធនធានមនុស្សបានយូរឡើយ។ ស្ថិតនៅក្នុងសិក្សាថ្នាក់ទី ៨ វន្ថាបានសុំឪពុកមករៀន នៅទីក្រុងដោយ ហេតុតែខ្លួនចង់រៀន​ភាសាអង់គ្លេស និងកុំព្យូទ័រ តែពេលនោះឪពុកបានបដិសេធ។ ទោះជាយ៉ាង ណា បន្ទាប់ពីបញ្ចប់ថ្នាក់អនុវិទ្យាល័យ វន្ថានៅតែត្រូវ​បន្តមកថ្នាក់វិទ្យាល័យនៅទីក្រុងបានលុងដដែលព្រោះនៅ ស្រុកមិនមានថ្នាក់វិទ្យាល័យឡើយ។ ពេលវេលានោះហើយ ដែលវន្ថាបានក្លាយទៅជាអ្នកយាមអាគារពេលយប់ និងជាអ្នកបណ្ដុះផ្សិតលក់នៅផ្សារដើម្បី​កម្រៃ​ក្នុងការផ្គត់ផ្គង់ការសិក្សា និងជីវភាពប្រចាំថ្ងៃ។

និយាយពីការសិក្សារបស់វន្ថានៅថ្នាក់វិទ្យាល័យ គេស្រលាញ់មុខវិទ្យាសាស្ត្រសង្គមខ្លាំងណាស់ ជាពិសេស​​មុខវិជ្ជា ប្រវត្តិសាស្ត្រ ច្បាប់ ពលរដ្ឋវិជ្ជា រួមនឹងទស្សនៈវិជ្ជា​ផង​ដែរ។ ទោះជារវល់ ប៉ុន្តែគេនៅតែអាចអានសៀវភៅ មួយក្បាល​ក្នុងសប្ដាហ៍បានដែរ។ មានវេលាមួយនោះកាលរៀនថ្នាក់ទី១១ ពេលដែលវន្ថាឈ្លក់វង្វេងនឹងរឿង ទស្សនៈវិជ្ជាខ្លាំង មិត្តភក្ដិរបស់គេថែមទាំងនិយាយថាគេជាមនុស្សឆ្កួត​ផងដែរ។ ពេលនោះវន្ថានិយាយទៅកាន់ពួក គេ​វិញ​ថា “ភាពឆ្កួតលីលាហាក់ដូចជា គ្មានប្រយោជន៍ទាល់តែសោះសម្រាប់មនុស្សល្ងង់” ។

តាំងពីនៅវិទ្យាល័យមកម្លេះ វន្ថាដឹងច្បាស់ណាស់ ថាខ្លួនចង់រៀនផ្នែកច្បាប់ហើយចង់ ក្លាយខ្លួនជាសាស្ត្រាចារ្យផ្នែក ច្បាប់មួយរូបនៅថ្ងៃអនាគត។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់​វិទ្យាល័យ គេបានមករស់នៅទីក្រុងភ្នំពេញដើម្បីបន្ត បេសកកម្មតាមចាប់ក្ដីស្រមៃរបស់ខ្លួន។ នៅទីក្រុងភ្នំពេញ គេ​បានស្នាក់នៅមណ្ឌល និស្សិតមួយដែលក្នុងមួយខែ តម្រូវអោយគេបង់ចំនួន ៤ម៉ឺនរៀល។ នៅទី​នេះ​គេក៏មិនសូវបានទុកពេលអោយទំនេរច្រើននោះទេ ពោលក្រៅពីការ សិក្សា វន្ថាបានចំណាយពេលជាច្រើនជាមួយ​ការងារស្ម័គ្រចិត្ត ទំាងនៅក្នុងទីក្រុង និងនៅតាមសហគមន៍ផងដែរ។ វន្ថាបានធ្វើការងារស័្មគ្រចិត្តអោយអង្គការមួយចំនួនដូចជា សមាគមយុវជនខ្មែរ ក្រុមប្រឹក្សាយុវជនកម្ពុជា មូលនិធិគ្លូបបោលភីសកម្ពុជា និងអង្គការអង្គលូធ័ររ៉ាន់ពិភពលោក​ជាដើម។

តាមរយៈបទពិសោធន៍ និងចំនេះដឹងពីការងារស្ម័គ្រចិត្តទាំងអស់នោះ បានជម្រុញអោយវន្ថា​បង្កើតក្រុម​យុវជនមួយ នៅខេត្តរតនគិរី ក្នុងគោលបំណងដើម្បីចូលរួមចំនែកក្នុងការលើកកម្ពស់ការអប់រំសម្រាប់យុវជនក្នុងខេត្តរតនគិរី។ បន្ថែមពីលើការងារស្ម័គ្រចិត្តទំាងនោះ វន្ថាក៏បានធ្វើកម្មសិក្សានៅតាមអង្គការអន្តរជាតិមួយចំនួនផងដែរ ដូចជា វើលវីសិនអន្តរ​ជាតិនៅកម្ពុជា សាលាក្ដីខ្មែរក្រហម មជ្ឈមណ្ឌលដប់បឹលយូអេសឌីហាន់ដាដើម្បីសិទ្ធិមនុស្ស និងយុត្តិធម៍អន្តរជាតិ មជ្ឈមណ្ឌលស្រាវជ្រាវនីតិមនុស្សធម៍ និងជាពិសេសគឺអង្គការ​យូនីសេហ្វនៅកម្ពុជា។

ធ្លាប់ឆ្លងកាត់ការលំបាកមួយចំនួន ហើយក៏ជាយុវជនតែម្នាក់មកពីសហគមន៍របស់ខ្លួនដែលបានបន្តការសិក្សាមក​ កាន់ថ្នាក់ឧត្ដមសិក្សានេះ វន្ថាតែងតែរំពឹងគិតទុកជាវិជ្ជមានថា នឹងអាចជួយដល់សហគមន៍របស់ខ្លួន ក៏ដូចជា​ក្លាយ ជាចំនែកមួយនៃការរីកចម្រើនរបស់កម្ពុជានេះផងដែរបន្ទាប់ពីបញ្ចប់ការសិក្សារបស់ខ្លួន។

ទស្សន:ដែលបញ្ចេញនៅក្នុងអត្ថបទប្លុកនេះ⁣ ជារបស់អ្នកសរសេរ ហើយមិនបង្ហាញរឺឆ្លុះបញ្ចាំងទស្សន:របស់ UNICEF ឡើយ។

)

Voices of Youth Cambodia, supported by UNICEF, showcases a vibrant community of youth bloggers and their inspiring opinion & insight ❤

Welcome to a place where words matter. On Medium, smart voices and original ideas take center stage - with no ads in sight. Watch
Follow all the topics you care about, and we’ll deliver the best stories for you to your homepage and inbox. Explore
Get unlimited access to the best stories on Medium — and support writers while you’re at it. Just $5/month. Upgrade