យុវជន និងការច្នៃប្រឌិត
ដោយ ល័ក្ខ សុផាវត្តី

អត្ថបទប្លក់នេះត្រូវបានសរសេរឡើងជាផ្នែកនៃលក្ខខណ្ឌតម្រូវការងាររបស់កម្មសិក្សាជំនាញសរសេរប្លក់ក្នុងនៃកម្មវិធីសំទ្បេងយុវជន។ ការបញ្ចេញមតិនៅទីនេះគឺជាការយល់ឃើញរបស់អ្នកសរសេរ និងមិនតំណាងឲ្យ ឬឆ្លុះបញ្ចាំងពីមតិរបស់អង្គការយូនីសេហ្វឡើយ។
នាងខ្ញុំបានជួប ឯម ចន្ទ័រិទ្ធិកុរ ដំបូងតាមរយៈការចូលរួមកម្មវិធី SEALNET Youth Leadership Summit 2016 កាលពីខែមិថុនានៅប្រទេសសិង្ហបូរី។ សព្វថ្ងៃកុរមានអាយុម្ភៃឆ្នាំ និងជាយុវជនម្នាក់ដែលមានការច្នៃប្រឌិតខ្ពស់។ បច្ចុប្បន្នកុរបានបង្កើតផលិតផល DoyDoy ដែលជាប្រដាប់ក្មេងលេងធ្វើឡើងដោយម៉ាសីុនបោះពុម្ព3D បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលក្នុងវគ្គជំនាញខ្លីលើការច្នៃផលិតផលដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជា អេឡិចត្រូនិច គ្រឿងយន្ត និងការបោះពុម្ព3Dរបស់កម្មវិធី Think Global Make Local នៃUSAID។ DoyDoy គឺជាល្បែងទុយោសាងសង់សម្រាប់កុមារដែលមានអាយុ ៥ឆ្នាំឡើង។ វាក៏សាកសមសម្រាប់និស្សិតផ្នែកវិស្វកម្មសំណង់ស៊ីវិល ស្ថាបត្យកម្ម រួមទាំងយុវវ័យទូទៅផងដែរ។ ក្នុងប្រអប់ DoyDoy មួយមានទុយោវែង ៥០ និងទុយោខ្លី ៣០ ដែលមានពណ៌ចម្រុះ និងសន្លាក់ជ័រចំនួន ២៥ ដែលបង្កើតឡើងពីការបោះពុម្ព 3D និងជាផលិតផលមិនប៉ះពាល់ដល់បរិស្ថាន ព្រោះវាជាប្លាស្ទិចពោត។
ខ្ញុំក៏បានចូលខ្លួនជួបសម្ភាសន៍ជាមួយកុរ ដើម្បីសាកសួរបន្ថែម ពីចំណាប់អារម្មណ៍កុរ ក្នុងនាមជាសហគ្រិនវ័យក្មេងមួយរូប។
ជាដំបូងសូមកុរធ្វើការណែនាំខ្លួនបន្តិច។
ខ្ញុំបាទឈ្មោះ ឯម ចន្ទ័រិទ្ធិកុរ។ សព្វថ្ងៃខ្ញុំជានិស្សិតឆ្នាំទី៣នៅវិទ្យាស្ថានជាតិបរទេស សិក្សាជំនាញភាសាបរទេស និង ខ្សែភាពយន្តគំនូរជីវចល។
ខ្ញុំចង់ដឹងថាពីដើមឡើយ តើមានកត្តាអ្វីខ្លះដែលជម្រុញទឹកចិត្តកុរឲ្យបង្កើតDoyDoyនេះឡើង?
គឺមានកត្តាចំនួន៣ដែលជម្រុញទឹកចិត្តខ្ញុំ។
-កត្តាទីមួយគឺ កាលពីតូចបន្ទាប់ពីខ្ញុំលេងប្រដាប់ក្មេងលេងដូចជាប្រដាប់សង់ផ្ទះ
វាតែងតែដក់ជាប់ក្នុងខួរក្បាលរបស់ខ្ញុំ។
ខ្ញុំតែងមានក្ដីស្រម៉ៃចង់បង្កើតនូវអ្វីមួយដែលប្លែកដោយការប្រើគំនិតច្នៃប្រឌិតរបស់ខ្ញុំ។
-កត្តាទីពីរគឹ ខ្ញុំបានសង្កេតឃើញប្រព័ន្ធអប់រំនៅប្រទេសលោកខាងលិច ដែលបានបញ្ចូលសកម្មភាពសាងសង់ឧបករណ៍ផ្សេងៗ ដូចជា អគារ ផ្ទះ និងស្ពាននៅក្នុងថ្នាក់រៀនតាំងពីកម្រិតបឋម។ ដោយឡែកនៅស្រុកខ្មែរយើងពុំទាន់សូវមាននៅឡើយ។ កត្តានេះធ្វើឲ្យខ្ញុំបង្កើតវត្ថុដែលជួយទៅលើការសិក្សា និងការអភិវឌ្ឍរបស់កុមារកម្ពុជាយើង។
-កត្តាទីបី គឺខ្ញុំចង់បង្កើតផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ដើម្បីឲ្យគ្រួសារមានកម្រិតជីរភាពមធ្យម ឬទាបអាចមានលទ្ធភាពទិញបាន។
បើតាមខ្ញុំដឹង DoyDoyគឺជាផលិតផលបង្កើតឡើងដោយកូនខ្មែរដំបូងដែលប្រើប្រាស់បច្ចេកទេស
បោះពុម្ព3D។ តើកុរបានជួបនឹងផលលំបាកអ្វីខ្លះដើម្បីបង្កើតវាឡើង?
ដោយសារតែDoyDoyផ្តោតទៅលើការអប់រំ ការលូតលាស់ស្មារតី និងគំនិតច្នៃប្រឌិតរបស់កុមារ ដូចនេះវាមានការលំបាកបន្តិចបន្តួចក្នុងការស្វែងរកគំនិតថ្មីនិងប្លែកៗ ដើម្បីជម្រុញផលិតផលនេះឲ្យកាន់តែដើរទៅមុខ។ ម្យ៉ាងទៀតអាជីវកម្មរបស់ខ្ញុំទើបតែចាប់ដំណើរការបាន២ខែ ហេតុនេះខ្ញុំមិនទាន់មានក្រុមការងារសម្រាប់ជួយសម្រួលបន្ទុកការងារ។ បច្ចុប្បន្នខ្ញុំត្រូវធ្វើការច្នៃម៉ូត លក់ ផ្សព្វផ្សាយ ដឹកជញ្ជូន និងរ៉ាប់រងលើចំណូលចំណាយដោយខ្លួនឯងទាំងអស់។
ចុះចំណែកឥឡូវDoyDoyបានទទូលការចាប់អារម្មណ៍ពីសំណាក់មហាជនមួយចំនួនហើយ តើកុរមានគោលបំណងអ្វីទៅថ្ងៃមុខទៀតសម្រាប់DoyDoy?
ដំបូងខ្ញុំចង់បានចំនួនអ្នកស្គាល់DoyDoyឲ្យកាន់តែច្រើន តាមរយៈការសហការជាមួយប្រព័ន្ធផ្សព្វផ្សាយ អង្គការនានា រួមទាំងកម្មវិធីផ្សេងៗ។ បន្ទាប់មកទៀតខ្ញុំចង់ពង្រីកទីផ្សារDoyDoy ឲ្យប្រែពីជាប្រដាប់កុមារតូចៗលេងទៅជាផលិតផលដែលសូម្បីតែ មហាជន សិស្សវិទ្យាល័យ មហាវិទ្យាល័យ(ជាពិសេសអ្នករៀនជំនាញវិស្វកម្មសំណង់ស៊ីុវិល) ក៏អាចលេងឬប្រើប្រាស់ទៅតាមតម្រូវការផ្សេងៗ។ ជាក់ស្ដែងខ្ញុំរំពឹងថានឹងដាក់លក់DoyDoyជំនាន់ទីពីរដែលសង់ចេញជារូបរាងប្រាសាទអង្គរវត្ត។ វាមានអត្ថប្រយោជន៍ដល់ការជួយអប់រំពីប្រវត្តិសាស្ត្រ និងឲ្យអ្នកលេងស្វែងយល់បន្ថែមពីទម្រង់ប្រាសាទ។ នៅថ្ងៃមុខទៀតខ្ញុំក៏មានបំណងចង់ធ្វើការបោះជំហានទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។
អរគុណច្រើនមែនទែនកុរដែលបានចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ឆ្លើយសំណួរទាំងនេះ។ ជាចុងក្រោយតើកុរមានពាក្យពេចន៍អ្វីផ្តែផ្ដាំទៅដល់យុវជនដែលមានក្ដីស្រមៃទាក់ទងទៅនឹងការច្នៃប្រឌិត ឬសហគ្រិនភាព?
ខ្ញុំថាអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់លឺឃ្លានេះ ប៉ុន្ដែវាសំខាន់ណាស់សម្រាប់យើងទាំងអស់គ្នាដែលមានគោលដៅឬគំនិតអ្វីមូយហើយមិនបោះបង់ឬចុះចាញ់បើទោះជាគិតថាលំបាកខ្លាំងឬអ្នកដ៏ទៃសើចចំអកក៏ដោយ។ អ្នកទាំងអស់គ្នាគួររក្សាគំនិតនោះទុកនៅពេលដែលឱកាសមកដល់អ្នក ព្រោះអ្នកនឹងអាចជួបមនុស្សណាម្នាក់ដែលអាចជួយអ្នកបាន។ មួយវិញទៀតត្រូវមានភាពអំនត់ព្យាយាមខ្ពស់ព្រោះក្នុងការបង្កើតផលិតផលមួយឡើងគឺមិនងាយស្រួលទេ និងត្រូវចំណាយពេលវេលាច្រើន។ ត្រូវសួរខ្លួនឯងថាមានការប្ដេជ្ញាចិត្តប៉ុណ្ណា? លើសពីនេះគឺត្រូវមានភាពក្លាហានក្នុងការសួរនាំយោបល់ពីរៀមច្បងឬអ្នកដែលមានបទពិសោធន៍ច្រើនជាងយើង។
តើកុរយល់ឃើញយ៉ាងដូចម្តេចដែរចំពោះ សហគ្រិនភាពប្រកបដោយភាពច្នៃប្រឌិត? តើហេតុអ្វីបានជាមនុស្សគ្រប់រូប ជាពិសេសយុវជន គួរតែចាប់យកឳកាសនេះ?
ខ្ញុំគិតថា វាមានអានុភាពធំធេងក្នុងសម័យបច្ចុប្បន្ននេះ ព្រោះថាមនុស្សភាគច្រើនមានភ្ជាប់ និងអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតបាន តាម រយៈទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត ដែលសុទ្ធតែកើតឡើងបាន ដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការច្នៃប្រឌិត។ យុវជនគ្រប់រូប គួរតែចាប់យកនូវឳកាសដើម្បីក្លាយជាសហគ្រិនប្រកបដោយភាពច្នៃប្រឌិត ព្រោះការសាកល្បងអ្វីដែលថ្មីប្លែក វាមិនធ្វើឲ្យខូចបង់ប្រយោជន៍អ្វីទេ។ ផ្ទុយទៅវិញ វាអាចមានលទ្ធភាពជួយដល់សង្គមជាតិទៀតផង។ សព្វថ្ងៃនេះ ការស្វែងរកឳកាសពុំមែនជារឿងពិបាកសោះឡើយ។ ជាក់ស្តែង អ្នកទាំងអស់គ្នាអាចប្រទះឃើញឳកាសទាំងនេះ តាមការប្រកាសនានាលើបណ្តាញសង្គម ដូចជាហ្វេសបុកជាដើម។ យើងទាំងអស់គ្នារស់ក្នុងសម័យមួយ ដែលពោរពេញទៅដោយបច្ចេកវិទ្យា និងភាពច្នៃប្រឌិត។ ហេតុនេះហើយ យើងគួរគប្បីស្វែងយល់ និងតាមដានការវិវត្តនៃរបត់សង្គម។
Originally posted on Friday, October 14, 2016
