សំបុត្រមួយដែលប៉ានឹងគ្មានឱកាសអាន

ដោយ​​ វ័ន្ត ច័ន្ទមករា

© Chanmakara Vorn

អត្ថបទប្លក់នេះត្រូវបានសរសេរឡើងជាផ្នែកនៃលក្ខខណ្ឌតម្រូវការងាររបស់កម្មសិក្សាជំនាញសរសេរប្លក់ក្នុងនៃកម្មវិធី​សំទ្បេងយុវជន។ ការបញ្ចេញមតិនៅទីនេះគឺជាការយល់ឃើញរបស់អ្នកសរសេរ និងមិនតំណាងឲ្យ ឬឆ្លុះបញ្ចាំងពីមតិ​របស់អង្គការយូនីសេហ្វឡើយ។

ភ្នំពេញ, ថ្ងៃទី ១៥ មិថុនា ឆ្នាំ២០១៤

ជូន ចំពោះប៉ាជាពិសេស

ប៉ា…ខ្ញុំដឹងថាគ្មានម្តាយឪពុកណាដែលមិនចង់ឱ្យកូនល្អនោះទេ ប៉ុន្ដែពេលខ្លះកូនៗក៏ចង់ឱ្យគ្រួសារស្តាប់សំទ្បេងខ្លួនឯង ផងដែរ…

តាំងពីតូចមកអ្នកដែលខ្ញុំខ្លាចជាងគេគឺប៉ា។ ប៉ាជាអ្នកមានអំណាចទាំងកន្លែងធ្វើការ ទាំងនៅក្នុងផ្ទះ។ ប៉ាជាមនុស្សមាត់ធំៗ គឺចូលចិត្តនិយាយស្ដីគំរោះគំរើយ ហើយបើមិនត្រូវចិត្តទេ នោះប៉ានឹងស្រែកជេរតែម្ដង។ ខ្ញុំសង្កេតឃើញពេលខ្លះប៉ាហាក់បីដូចជាគ្មានហេតុផល ចង់ឱ្យតែគេធ្វើតាមចិត្តខ្លួនឯង។ ខ្ញុំឆ្ងល់តើហេតុអ្វីបានជាប៉ាស្រឡាញ់តែកូនប្រុស? ប៉ាដែរស្រឡាញ់ខ្ញុំទេ? ចុះហេតុអ្វីបានជាប៉ាចូលចិត្ដលើកដៃវាយដំខ្ញុំ ប្រើសម្ដីធំៗដាក់ខ្ញុំ? តើប៉ាចង់ឱ្យខ្ញុំល្អឬយ៉ាងណា? ចុះហេតុអ្វីបានជាប៉ាមិនប្រើវិធីសាស្ត្រសម្ដីទន់ភ្លន់ ឬក៏ប្រើពាក្យឱ្យល្អស្តាប់ជាងនេះបន្តិច?

ខ្ញុំចាំបានថា កាលពីខ្ញុំអាយុ៤ឆ្នាំ ប៉ាបានយកតេឡេទូរទស្សន៍មកវាយចំកំភួនជើងខ្ញុំមួយទំហឹង ពីព្រោះខ្ញុំបានឈ្លោះគ្នាជាមួយបងប្រុសជីដូនមួយដែលប៉ាយកមកចិញ្ចឹម។ យើងបានឈ្លោះគ្នាដោយសារតែរឿងដណ្ដើមគ្នាបើកទ្វារផ្ទះឱ្យបងស្រី ។ ពេលនោះ ខ្ញុំបានខាំបងជីដូនមួយ ហើយមិនចាំថាហេតុអ្វីបានជាប៉ាគាត់មកវាយខ្ញុំ (ប្រហែល ដើម្បីបញ្ចប់ជម្លោះ?)។

តាំងពីប៉ាបានទៅបន្តការសិក្សា មិនថាម៉ាក់មិនថាខ្ញុំ ឃើញថាប៉ាប្រើពាក្យពីរោះស្ដាប់ជាងមុនបន្តិច។ ប៉ាលែងលើកដៃវាយខ្ញុំទៀតហើយ។ អាចទេ? ព្រោះប៉ាគិតថាខ្ញុំធំហើយ? ឃើញអ៊ីចឹងខ្ញុំសប្បាយចិត្តបន្តិច តែនៅតែមិនហ៊ានទៅនិយាយ លេងជាមួយប៉ាប៉ុន្មានទេ ពីព្រោះខ្ញុំតែងតែមានកូនចិត្តខ្លាចប៉ាមែនទែន។ ខ្លាចណាស់ ខ្លាចប៉ាសម្លុតឱ្យ ខ្លាចប៉ាសម្លក់ ខ្លាចប៉ាខឹង។ ប៉ាតែងតែធ្វើអ្វីដែលខ្ញុំមិនចូលចិត្ត។ ប៉ាដឹងទេ ថាពេលម្ដងៗខ្ញុំខំនិយាយជាមួយប៉ា ខ្ញុំត្រូវប្តេជា្ញយកសេចក្តីក្លាហានទាំងអស់ក្នុងពោះ ផ្ទុយមកវិញខណៈចាប់ផ្ដើមរកហាមាត់មានតែអួរដើមកនិងទឹកភ្នែករលីងរលោង ដូចនេះបានជាខ្ញុំសុខចិត្តមិននិយាយរកតែម្តង។

ម៉្យាងទៀត ប៉ាជាមនុស្សមហារវល់! ខ្ញុំស្ទើរតែមិនចាំថាពេលណាប៉ាយកខ្ញុំទៅរៀន និងជូនខ្ញុំមកផ្ទះវិញទេ ព្រោះចំនួនដងនៃការជូនកូនស្រីម្នាក់នេះវាតិចពេក។ ចំពោះរឿងរៀនវិញ ប៉ាបង្ហាត់ខ្ញុំតែម្ដងគត់។ ចាំទេ? ប៉ាបានពន្យល់ពីកិច្ចការផ្ទះទាក់ទងនឹងចំណោទគណិតវិទ្យាថ្នាក់ទី៣ (ពន្យល់ហើយ ពេលកូនមិនយល់ ស្ដីឱ្យទៀត!)។

តើប៉ាមានអារម្មណ៍បែបណាចំពោះការសិក្សារបស់ខ្ញុំ? កាលថ្នាក់ទី៩ ពេលខ្ញុំប្រឡងជាប់សិស្សពូកែខ្មែរថ្នាក់ជាតិ ខ្ញុំដឹងថាប៉ាសប្បាយចិត្ត ហើយដើរអួតគេឯងពីខ្ញុំ តែប៉ាបែរជាមិនសរសើរ និងជម្រុញខ្ញុំឱ្យខិតខំលើអ្វីដែលខ្ញុំស្រឡាញ់ទេ។ ប៉ាបាននិយាយណែនាំឱ្យខ្ញុំខិតខំរៀនយកមុខវិជ្ជាណាផ្សេង (គណិត រូប អីវិញអីណា) ដោយសារតែវាមានប្រយោជន៍ហើយគេទទួលស្គាល់ច្រើន។ តើប៉ាដឹងទេ? ធ្លាប់ដឹងទេ? ធ្លាប់សួរកូនស្រីម្នាក់នេះទេ ថាវាស្រឡាញ់អី? វាចូលចិត្តអី? ហេតុអ្វីបានជាប៉ាចូលចិត្តបញ្ជាអ្នកដទៃធ្វើតាមខ្លួនឯង។ ក្នុងថ្នាក់ទី៩ នេះដែរ ខ្ញុំបានធ្វើឱ្យប៉ាអស់សង្ឃឹមលើរូបខ្ញុំ ដោយសារខ្ញុំឈឺរមួលផ្សំខ្ជិល មិនចង់ទៅរៀន ហើយចេះតែធ្វើពត់មិនចង់ទៅសាលារហូតដល់ថ្ងៃប្រឡងឆមាសទី១ ទើបភ្ញាក់ខ្លួនទៅរៀនវិញ។ ប៉ាមិនបាននិយាយណែនាំដោយផ្ទាល់ឱ្យខ្ញុំទៅរៀនទេ បែរជាប៉ាផ្ដាំតាមម៉ាក់ថា «ប៉ាមិនសប្បាយចិត្តឃើញសភាពមករាបែបនេះទេ»។

ចប់ថ្នាក់ទី១០ ខ្ញុំស្នើសុំប៉ាមករៀននៅភ្នំពេញ។ ឥឡូវនេះ ខ្ញុំរៀនជិតចប់ថ្នាក់ទី១២ ហើយ ឯប៉ាវិញក៏ជិតចូលនិវត្តន៍ពីការងាររាជការ ហើយបងប្អូនខ្ញុំក៏កាន់តែជ្រេវ័យ។ ខ្ញុំអាយុ ១៧ឆ្នាំ
ហើយអ្វីដែលខ្ញុំចង់ធ្វើគឺខ្ញុំចង់ក្លាយជាស្ត្រីដ៏អស្ចារ្យម្នាក់ដែលមនុស្សស្រីធម្មតាមិនអាចធ្វើបាន។ ជំនាញដែលខ្ញុំចង់រៀនគឺវិស្វកម្មបរិស្ថាន។ ប៉ា!! លើកនេះខ្ញុំលេងមែនទែនហើយ! ខ្ញុំចង់ប្រាប់ប៉ាថា «ខ្ញុំនឹងហ៊ានចេញមុខទទួលខុសត្រូវលើផ្លូវដែលខ្ញុំបានជ្រើសរើស ពីព្រោះការរើសនេះត្រូវបានធ្វើឡើងដោយសេចក្តីស្រឡាញ់របស់ខ្ញុំ។ ខ្ញុំជឿជាក់ថា ខ្ញុំនឹងទទួលបានជ័យជម្នះលើរាល់ឧបសគ្គនានាដែលនៅបាំងសេចក្តីប្រាថ្នា។»

ប៉ា!! ប៉ាមានកាតព្វកិច្ចចិញ្ចឹមបីបាច់គ្រប់គ្រងថែរក្សាកូនមែន តែខ្ញុំមិនចង់មានគំរូដូចបងៗខ្ញុំខ្លះ។ ខ្ញុំមិនចង់រស់នៅក្នុងជីវិតងាយស្រួលរហូតនោះទេ។ លុយជាកត្តាចម្បងដើម្បីរស់នៅមែន ប៉ុន្តែយើងកើតមកមួយជីវិតតែប៉ុណ្ណោះក្នុងមួយជាតិនេះ។ ខ្ញុំចង់ឱ្យខ្លួនខ្ញុំក្លាយជាម្ចាស់នៃជីវិតនេះ។ ខ្ញុំមិនចង់យកប៉ាមកជាលេសបន្ទោសថា ពេលដែលខ្ញុំបរាជ័យគឺព្រោះមកពីអ្វីៗដែលប៉ាធ្វើឱ្យ។ ខ្ញុំចង់ឱ្យប៉ាផ្តល់ទំនុកចិត្តដ៏មុតមាំមកកាន់ខ្ញុំ ប្រសើរជាងបញ្ជាផ្លូវឱ្យខ្ញុំដើរ។ ខ្ញុំដឹង! ខ្ញុំដឹងថាប៉ាមិនចង់ឱ្យខ្ញុំទទួលរងទុក្ខវេទនាដែលប៉ាធ្លាប់បានហែលឆ្លង។ តែខ្ញុំយល់ថាជីវិតខ្ញុំជារបស់ខ្ញុំ ខ្ញុំត្រូវតែចេះរៀនតស៊ូបណ្ដើរៗ និងរៀនរស់នៅដោយខ្លួនឯង ខ្ញុំចង់ចេះទទួលខុសត្រូវ ខ្ញុំចង់ឱ្យប៉ាឃើញថាខ្ញុំនឹងទទួលបានជោគជ័យដោយការតស៊ូព្យាយាមយកអ្វីដែលខ្ញុំស្រឡាញ់។

ពីកូនស្រីក្បាលរឹងបំផុត(របស់ប៉ា?)
ឱ្យកូនសូមទោស សូមប៉ាសណ្ដោស យល់ពីចិត្តកូន
បំណងកូនមាន គម្រោងរលូន ឱកាសមិនសូន្យ
កូនអាចធ្វើបាន។
ប៉ាចង់ឱ្យល្អ តែកូនមិនអរ ទទួលលំអាន
ល្អអីមានលុយ ផ្ទុយវិញថ្កើងថ្កាន ចេះស៊ូអាងប្រាណ
ម្ចាស់ការអាត្មា៕

Originally posted on Monday, September 26, 2016

Voices of Youth Cambodia
Welcome to a place where words matter. On Medium, smart voices and original ideas take center stage - with no ads in sight. Watch
Follow all the topics you care about, and we’ll deliver the best stories for you to your homepage and inbox. Explore
Get unlimited access to the best stories on Medium — and support writers while you’re at it. Just $5/month. Upgrade