ពលរដ្ឋឥណ្ឌូនេស៊ីជាង៦០នាក់ត្រូវសមត្ថកិច្ចជួយសង្គ្រោះពីក្រុមឆបោកនៅខេត្តព្រះសីហនុ
ពលរដ្ឋឥណ្ឌូនេស៊ី ជាង ៦០នាក់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះចេញពីកន្លែងឃុំខ្លួនក្នុងឧស្សាហកម្មឆបោកនៅខេត្តព្រះសីហនុ កាលពីចុងខែកក្កដា ឆ្នាំ២០២២។
ទស្សនាវដ្ដី Tempo ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបានស្រង់សម្ដីរបស់មន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី និយាយថា ពលរដ្ឋឥណ្ឌូនេស៊ី ៥៥នាក់ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះចេញពីកន្លែងឃុំខ្លួននៃក្រុមឆបោក ខណៈមនុស្ស ៧នាក់ទៀតត្រូវបានសមត្ថកិច្ចឥណ្ឌូនេស៊ី សហការជាមួយកម្ពុជាជួយសង្គ្រោះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
ក្នុងចំណោមជនរងគ្រោះទាំង ៥៥នាក់ដែលត្រូវបានសមត្ថកិច្ចជួយសង្គ្រោះកាលពីថ្ងៃទី៣០ ខែកក្កដា ក្នុងនោះមានបុរស ៤៧នាក់ និងស្ត្រី ៨នាក់ ហើយបច្ចុប្បន្ន ពួកគេកំពុងទទួលការប្រឹក្សាផ្លូវចិត្តមុនពេលបញ្ជូនត្រឡប់ទៅកាន់ប្រទេសឥណ្ឌូនេស៊ី វិញ។ ការផ្ដល់ប្រឹក្សាផ្លូវចិត្តនេះ ក្រោយពេលពួកគេត្រូវបានវាយដំ និងធ្វើទារុណកម្មនៅក្នុងបរិវេណដែលបង្អួចមានរនាំងបិទជិត និងព័ទ្ធដោយរបងបន្លាលួស នៅពេលដែលពួកគេបដិសេធមិនធ្វើការឆបោក។
ទស្សនាវដ្ដីដដែលឲ្យដឹងទៀតថា ជនជាតិឥណ្ឌូនេស៊ីទាំងនោះបានធ្លាក់ខ្លួនជាជនរងគ្រោះក្នុងក្រុមហ៊ុនឆបោកដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុ នៃប្រទេសកម្ពុជា។ ពួកគេត្រូវបានឃុំខ្លួននៅឧស្សាហកម្មឆបោកក្នុងខេត្តព្រះសីហនុ ដែលមានទីតាំងនៅក្បែរផ្លូវសន្តិភាពក្នុងឃុំ៣ នៃខេត្តនេះ។
ការជួយសង្គ្រោះនេះ មិនមែនមានតែជនជាតិឥណ្ឌូនេស៊ីនោះទេ កាលពីខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចថៃ បានសហការជាមួយសមត្ថកិច្ចកម្ពុជាដើម្បីជួយសង្គ្រោះពលរដ្ឋរបស់ខ្លួនប្រមាណ ៣ពាន់នាក់ចេញពីក្រុមប្រតិបត្តិឆបោក ខណៈជនជាតិវៀតណាម ចិន និងម៉ាឡេស៊ី ជាដើម ក៏ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះជាបន្តបន្ទាប់ផងដែរ។
តែយ៉ាងណា អាជ្ញាធរកម្ពុជាបានចាត់ទុកការជួញដូរពលករបរទេសនាពេលនេះ ថាជាប្រតិបត្តិការឆបោកក្នុងប្រទេស។
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងការបរទេសអាមេរិក បានបញ្ចេញរបាយការណ៍ប្រចាំឆ្នាំ២០២២ ស្ដីពីការជួញដូរមនុស្ស ដោយក្នុងនោះ អាមេរិកបានទម្លាក់កម្ពុជា វៀតណាម ទីក្រុងម៉ាកាវ ក្នុងប្រទេសចិន និងប្រទេសផ្សេងទៀតពីបញ្ជីស្ថិតក្រោមការឃ្លាំមើលនៅកម្រិតពីរ (Tier 2 Watch List) ទៅកម្រិតបីដែលជាកម្រិតដ៏អាក្រក់មួយ និងអាចរងទណ្ឌកម្ម។
ការទម្លាក់កម្ពុជាមកកម្រិត៣ នេះ ធ្វើឡើងក្រោមហេតុផលថា កម្ពុជាមានកិច្ចខិតខំតិចតួច និងមិនបានគោរពតាមស្តង់ដារនៃការលុបបំបាត់ការជួញដូរមនុស្សឡើយ។
បើតាមរបាយការណ៍ក្រសួងការបរទេសអាមេរិក បញ្ជាក់ថា ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៣ ដែលអាចធ្វើឱ្យមានការរឹតត្បិតលើជំនួយបរទេស បើទោះបីជានេះមិនមែនជាការចាំបាច់ និងជាការសម្រេចចិត្តផ្នែកនយោបាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដោយ៕
https://www.cambodiadaily.com/2022/08/03/14/15/63834/?feed_id=612