រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​អាច​នឹង​ជួប​លោក កឹម សុខា ក្រៅពី​ជួប​ប្រេសិត​ពិសេស​អាស៊ាន

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Antony Blinken ក្រៅពី​ជួប​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​រដ្ឋាភិបាល​កម្ពុជា ក៏​អាច​នឹង​មាន​ការ​ជួប​ដាច់​ដោយឡែក​មួយ​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក កឹម សុខា ផង​ដែរ។

អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ ខែ​សីហា នេះ​ថា វិបត្តិ​រកាំរកូស​ផ្នែក​នយោបាយ​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក កើតមាន​ឡើង​កន្លងមក គឺ​ដោយសារតែ​ខ្វះ​នូវ​ការ​សន្ទនា​នយោបាយ​ការទូត​ក្នុង​ការ​កសាង​ទំនុក​ចិត្ត​គ្នា​ត្រង់​ទៅ​ត្រង់​មក ដើម្បី​ប្រយោជន៍​ជាតិ និង​ពលរដ្ឋ​ខ្មែរ​របស់​មេដឹកនាំ​កម្ពុជា។

លោក​លើក​ជា​សំណួរ​ថា តើ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន មាន​ឆន្ទៈ​យក​កូនសោ​ចាក់​មេសោ​បើក​បន្ទប់​នៃ​វិបត្តិ​នយោបាយ​ដែល​កំពុង​ជាប់​គាំង​អស់​ជាច្រើន​ឆ្នាំ​មក​នេះ ដើម្បី​បញ្ចប់​បញ្ហា​ដែរ​ឬ​ទេ? ព្រោះ​ថា​នៅ​ពេលនេះ បាល់​គឺ​កំពុង​ស្ថិត​នៅ​ក្រោម​ជើង​របស់​លោក ហ៊ុន សែន នៅ​រង់ចាំ​តែ​គាត់​ជា​អ្នក​ទាត់​បញ្ចូល​ទី​តែប៉ុណ្ណោះ ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឈ្នះ​ទាំងអស់​គ្នា ក៏​ដើម្បី​ផលប្រយោជន៍​ជាតិ​រួម​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ការ​សម្របសម្រួល និង​ការ​ចរចា​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវតែ​កើតឡើង​ជាដាច់ខាត​ដើម្បី​ប្រយោជន៍​ជាតិ ប៉ុន្តែ​ការ​រក​ដំណោះស្រាយ​នេះ ត្រូវតែ​ធ្វើឡើង​តាម​មធ្យោបាយ​អហិង្សា​ដែល​ជា​វិធី​តែ​មួយ​គត់​ក្នុង​ការ​បង្រួបបង្រួម​ជាតិ និង​បញ្ចប់​វិបត្តិ​ជាប់​គាំង​នយោបាយ​នា​ពេល​កន្លងមក ហើយ​ការ​ធ្វើ​បែប​នេះ​ក៏​ជា​ការ​ចង់​បាន​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា សម្ពាធ​នយោបាយ​ពី​សហគមន៍​អន្តរជាតិ​លើ​កម្ពុជា​កន្លងមក គឺ​ដោយសារតែ​ពួកគេ​ចង់​ឃើញ​មេដឹកនាំ​នយោបាយ​នៅ​កម្ពុជា​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​ជាប់​គាំង​របស់​ខ្លួន ក្នុង​នោះ​អង្គទូត​តំណាង​ឲ្យ​ប្រទេស​ប្រជាធិបតេយ្យ​នានា​បាន​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ​គ្រប់​បែប​យ៉ាង ក្នុង​ការ​ជជែក​គ្នា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​ដែល​កើតមាន​នេះ​រហូត​មក។

កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ កន្លងទៅ ក្រសួង​ការបរទេស​អាមេរិក បាន​ប្រកាស​ថា រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក អែនតូនី ប្លីងខិន (Antony J. Blinken) នឹង​ធ្វើ​ដំណើរ​ទៅ​កម្ពុជា​ជា​លើកដំបូង​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក-អាស៊ាន ដើម្បី​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អព្យាក្រឹត​អាស៊ាន និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោគជ័យ​នៃ​ទស្សនវិស័យ​អាស៊ាន​ស្ដីពី​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ផង​ដែរ។

ទាក់ទិន​នឹង​ទំនាក់ទំនង​កម្ពុជា-អាមេរិក​នៅ​ពេលនេះ ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ស្ថិត​ក្នុង​ភាព​រកាំរកូស​ធ្ងន់ធ្ងរ​នៅឡើយ ជាពិសេស​ទាក់ទង​ទៅ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស ការ​ជាន់​ឈ្លី​ប្រជាធិបតេយ្យ ដូចជា​ការ​បន្ត​រឹតត្បិត​សេរីភាព​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ពេលនេះ​ជាដើម។ លើស​ពី​នេះ ក៏​មាន​បញ្ហា​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​របស់​កម្ពុជា​ជាមួយ​កងទ័ព​ជើងទឹក​ចិន ថែម​ទៀត​ផង។

កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink បាន​អះអាង​ថា កម្ពុជា​អាច​នឹង​ទទួល​បាន​នូវ​ផល​ប្រយោជន៍​ជា​ទី​គាប់ចិត្ត​សម្រាប់​ពលរដ្ឋ​ខ្មែរ​ពី​ដំណោះស្រាយ​នយោបាយ​របស់​ខ្លួន តាម​រយៈ​នៃ​ការ​បើក​សិទ្ធិ​សេរីភាព​នយោបាយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ឡើងវិញ៕

https://www.cambodiadaily.com/2022/08/03/14/26/63839/?feed_id=614

--

--

គេហទំព័រផ្លូវការ សារព័ត៌មាន ឌឹ ខែមបូឌា ដេលី ជាភាសាខ្មែរប្រចាំថ្ងៃ

Get the Medium app

A button that says 'Download on the App Store', and if clicked it will lead you to the iOS App store
A button that says 'Get it on, Google Play', and if clicked it will lead you to the Google Play store