រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក អែនតូនី ប្លីងខិន (Antony Blinken) គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក-អាស៊ាន។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ ថា ដំណើរ​ទស្សនកិច្ច​របស់​លោក អែនតូនី ប្លីងខិន ទៅ​កាន់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ខាងមុខ​នេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក-អាស៊ាន កិច្ចប្រជុំ​កំពូល​រដ្ឋមន្ត្រី​ការបរទេស​អាស៊ី​បូព៌ា និង​វេទិកា​តំបន់​អាស៊ាន។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​ខាងលើ​នេះ លោក Blinken នឹង​លើកឡើង​អំពី​ការ​ដោះស្រាយ​បញ្ហា​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ បញ្ហា​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ បញ្ហា​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​បញ្ហា​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ផង​ដែរ។

ក្រៅពី​លើកឡើង​អំពី​ការ​ដោះស្រាយ លោក Blinken ក៏​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ប្រាក់ សុខុន ដើម្បី​ពិភាក្សា​អំពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អាស៊ាន និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង​នូវ​ទំនាក់ទំនង​ទ្វេភាគី​របស់​សហរដ្ឋ​អាមេរិក​ជាមួយ​កម្ពុជា​ផង​ដែរ។

នេះ​ជា​លើកដំបូង​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក លោក អែនតូនី ប្លីងខិន មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្រោយពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ហាក់​មាន​ភាព​តានតឹង​នឹង​គ្នា​លើ​នយោបាយ​ការបរទេស ចាប់តាំងពី​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​អាមេរិក ហើយ​ងាក​មក​ធ្វើ​ជាមួយ​ចិន​វិញ។

ជាង​នេះ​ទៅ​ទៀត កម្ពុជា​បាន​វាយ​កម្ទេច​ចោល​អគារ​ពីរ​ខ្នង​ដែល​ជា​ជំនួយ​របស់​អាមេរិក​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដោយ​គ្មាន​ការ​ជូនដំណឹង ឬ​ការ​ពន្យល់​ឲ្យ​បាន​ត្រឹមត្រូវ​ដល់​សហរដ្ឋ​អាមេរិក ហើយ​ក្រោយពី​វាយ​កម្ទេច​ហើយ កម្ពុជា​ក៏​ត្រូវ​បាន​គេ​ដឹង​ថា បាន​ផ្ដល់​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​របស់​ខ្លួន​ឲ្យ​ចិន​គ្រប់គ្រង​ជំនួស​វិញ។ បញ្ហា​នេះ​បាន​នាំ​ឲ្យ​អាមេរិក​បារម្ភ​ជា​ខ្លាំង​អំពី​ការ​គំរាមកំហែង​ដល់​ផលប្រយោជន៍ និង​សម្ពន្ធមិត្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់៕

https://www.cambodiadaily.com/2022/08/02/18/58/63826/?feed_id=608

--

--