វេទិកា​ពលរដ្ឋ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​សមាជ​ជាតិ​ចំពោះ​ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០

វេទិកា​ពលរដ្ឋ​ជំរុញ​រដ្ឋាភិបាល​ធ្វើ​សមាជ​ជាតិ​ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​បញ្ចេញ​មតិ​ចំពោះ​ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ជាជាង​អញ្ជើញ​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ទៅ​ស្ដាប់​ការ​បកស្រាយ​ដដែលៗ​របស់​ក្រសួង​យុត្តិធម៌ ដែល​នឹង​គ្រោង​ធ្វើ​នៅ​រសៀល​ថ្ងៃទី​២ ទី​៣ និង​ទី​៤ ខែ​សីហា ឆ្នាំ​២០២២។

ការ​ជំរុញ​របស់​វេទិកា​ពលរដ្ឋ ធ្វើឡើង​ឆ្លើយតប​នឹង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌ ដែល​ចេញ​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ដោយ​អំពាវនាវ​ទៅ​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល​ដែល​ជំទាស់​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ឱ្យ​ចូល​ស្តាប់​ការ​ពន្យល់ និង​បកស្រាយ​បំភ្លឺ​ដោយ​ផ្ទាល់​បន្ថែម​ទៀត​ជុំវិញ​បញ្ហា​នេះ នៅ​ដើម​ខែ​ក្រោយ ដើម្បី​ជម្រះ​ចោល​នូវ​រាល់​កង្វល់​ទាំងឡាយ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​វេទិកា​ពលរដ្ឋ​ចុះ​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ការ​ធ្វើ​សមាជ​ជាតិ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​ចូលរួម​ស្ដាប់ និង​មាន​យោបល់ មាន​ប្រយោជន៍​ធំធេង​ណាស់ ក្នុង​នោះ​បង្ហាញ​ពី​ការ​ផ្ដល់​តម្លៃ​ដល់​ការ​ចូលរួម​របស់​ពលរដ្ឋ​ស្របតាម​គោលការណ៍​ប្រតិបត្តិ​ជាក់ស្ដែង​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ជាមួយ​គ្នា​នេះ វា​ក៏​ជា​ការ​កាត់បន្ថយ​ការ​ចំណាយ​ពេល​ច្រើន​របស់​រដ្ឋាភិបាល​ដែល​នឹង​ត្រូវ​ពន្យល់​ដដែលៗ​លើ​ចម្ងល់​ដូចៗ​គ្នា​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា ដើម្បី​ជម្រះ​រាល់​ការ​មន្ទិល​សង្ស័យ​ពី​គ្រប់​មជ្ឈដ្ឋាន។

ក្រុម​នេះ​និយាយ​ថា ការ​ធ្វើ​សមាជ​ជាតិ​នេះ​ក៏​ជា​ការ​គោរព​ស្មារតី​រដ្ឋធម្មនុញ្ញ​ស្ដីពី​សមាជ​ជាតិ​ក្នុង​ជំពូក​ទី​១៤​ថ្មី​ទាំងមូល ដែល​បើក​ឱកាស​ឲ្យ​ពលរដ្ឋ​ឈ្វេងយល់​ដោយ​ផ្ទាល់​អំពី​កិច្ចការ​ផ្សេងៗ​ដែល​ជា​ប្រយោជន៍​ជាតិ ហើយ​អាច​លើក​សំណូមពរ​ជូន​រដ្ឋ​អំណាច​ដើម្បី​ធ្វើការ​ដោះស្រាយ។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា ការ​បកស្រាយ​ជុំវិញ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ការ​គាំទ្រ​ការ​ធ្វើ​វិសោធនកម្ម​នេះ​ក្រោយពី​រដ្ឋសភា​បាន​អនុម័ត​លើ​សេចក្តី​ព្រាងច្បាប់​ធម្មនុញ្ញ​សម្រាប់​ធ្វើ​វិសោធនកម្ម គឺ​មិន​មាន​ន័យ​អ្វី​នោះ​ឡើយ។ លោក​បន្ត​ថា ការ​ដាក់​គំនិត​ធ្វើ​វិសោធនកម្ម​ធម្មនុញ្ញ​ជូន​ពលរដ្ឋ​ពិភាក្សា ផ្តល់​មតិ និង​មូលមតិ​គ្នា​ឱ្យ​បាន​ច្រើន មុន​ពេល​រដ្ឋសភា​អនុម័ត​ទើប​ជា​រឿង​ត្រឹមត្រូវ និង​មាន​ន័យ។

រដ្ឋសភា​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​អនុម័ត​កែ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ចំនួន ៨​មាត្រា​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២២ ត្រូវ​បាន​ធ្វើឡើង​តាម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន។ ក្រោយពី​រដ្ឋសភា​អនុម័ត​ភ្លាម ស្ថាប័ន​ជាតិ​ធំៗ វិស័យ​ឯកជន និង​គណបក្ស​នយោបាយ​មួយ​ចំនួន បាន​នាំគ្នា​ចេញ​ញត្តិ​គាំទ្រ​លើ​ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ទោះបីជា​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​រង​ការ​រិះគន់​ខ្លាំង​បែប​ណា​ក៏ដោយ។

ជាក់ស្ដែង​កាលពី​ពេល​ថ្មីៗ​នេះ គណបក្ស​ចំនួន​៤ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន ទាមទារ​ឲ្យ​រដ្ឋសភា​កុំ​អនុម័ត​សេចក្ដី​ព្រាង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ធម្មនុញ្ញ ដោយ​គិត​ថា​ជា​ការ​បំភ្លៃ​ការពិត ដើម្បី​ទុក​តថ្លៃ​នយោបាយ ហើយ​ថា​ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ បាន​កាត់បន្ថយ​អំណាច​របស់​រដ្ឋសភា។

ទោះជា​យ៉ាងណាក៏ដោយ ការ​ទាមទារ​របស់​ពួកគេ​ត្រូវ​បាន​លោក កើត រិទ្ធ ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​ជា​សមាជិក​ជាន់ខ្ពស់​នៃ​បក្ស​ប្រជាជន​កម្ពុជា ច្រាន​ចោល​ទាំងស្រុង៕

https://www.cambodiadaily.com/2022/08/02/19/01/63829/?feed_id=610

--

--

គេហទំព័រផ្លូវការ សារព័ត៌មាន ឌឹ ខែមបូឌា ដេលី ជាភាសាខ្មែរប្រចាំថ្ងៃ

Get the Medium app

A button that says 'Download on the App Store', and if clicked it will lead you to the iOS App store
A button that says 'Get it on, Google Play', and if clicked it will lead you to the Google Play store