អភិបាល​ខេត្ត​កណ្ដាល​ព្រមាន​ដក​តំណែង​អភិបាល​ស្រុក​និង​ក្រុង បើ​មិន​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ជូន​ពលរដ្ឋ

អភិបាល​ខេត្ត​កណ្ដាល ព្រមាន​ដក​តំណែង​អភិបាល​ស្រុក​ស្អាង អភិបាល​ក្រុង​តាខ្មៅ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដោយ​ទុក​ពេល​ឲ្យ​ធ្វើការ​រយៈពេល ២០​ថ្ងៃ ដើម្បី​ឱ្យ​ពួកគេ​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ជូន​ពលរដ្ឋ​ប្រើប្រាស់ ខណៈ​ថៅកែ​ក្រុមហ៊ុន​ទឹក​ស្អាត​អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់។

អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​ព្រមាន​អភិបាល​ស្រុក​ស្អាង លោក ជឺ គឹមហៃ អភិបាល​ក្រុង​តាខ្មៅ លោក នូ សុវណ្ណរ៉ា មន្ត្រី​ពាក់ព័ន្ធ​មួយ​ទៀត និង​ថៅកែ​ទឹក​ស្អាត​ក្រុង​តាខ្មៅ លោក ជ្រាង សេងគង់ កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នៅ​ចំពោះ​មុខ​មន្ត្រី និង​ពលរដ្ឋ​ប្រមាណ​ជាង ៧០​គ្រួសារ​ថា មន្ត្រី​ថ្នាក់​ក្រោម​ទាំងនេះ​បាន​ធ្វើ​របាយការណ៍​ភូត​កុហក​លោក​ជុំវិញ​ការ​ដោះស្រាយ​លើ​បញ្ហា​គ្មាន​ទឹក​ប្រើប្រាស់​ជូន​ពលរដ្ឋ។

លោក គង់ សោភ័ណ្ឌ ព្រមាន​ថា លោក​ទុក​ពេល​ឱ្យ​អាជ្ញាធរ​ធ្វើ​ការងារ​រយៈពេល ២០​ថ្ងៃ ត្រូវ​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ជូន​ពលរដ្ឋ​ឱ្យ​បាន​ល្អ​ឡើងវិញ។ បើ​មិន​ដូច្នោះ​ទេ លោក​នឹង​ដក​អភិបាល​ក្រុង​តាខ្មៅ និង​អភិបាល​ស្រុក​ស្អាង ចេញពី​តំណែង រួម​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ផង​ដែរ ព្រោះ​ថា​មន្ត្រី​ទាំងនេះ​បាន​ធ្វើ​របាយការណ៍​ភូត​កុហក​រូបលោក និង​មិន​យកចិត្ត​ទុកដាក់​ក្នុង​ការ​បម្រើ​ពលរដ្ឋ​រហូត​មក។

អភិបាល​ខេត្ត​កណ្ដាល​រូប​នេះ​បញ្ជាក់​ថា ក្រុមហ៊ុន​ទឹក​ស្អាត​ក៏​នឹង​មាន​បញ្ហា​ដូច​គ្នា​ដែរ ដែល​អាច​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ ជាពិសេស​ក្នុង​អំឡុង​ពេល​ដោះស្រាយ​បញ្ហា​នេះ ក្រុមហ៊ុន​ទឹក​ស្អាត​ត្រូវតែ​ផ្គត់ផ្គង់​ទឹក​ឱ្យ​ពលរដ្ឋ​ឱ្យ​បាន​គ្រប់គ្រាន់ និង​តាម​ស្តង់ដារ​ជាទីបំផុត មិន​ត្រូវ​បង្ក​ឧប្បត្តិហេតុ​ណា​មួយ​ដូច​ពេល​កន្លងមក​នោះ​ឡើយ។

ការ​ព្រមាន​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​រក​ឃើញ​ថា អភិបាល​ស្រុក​ស្អាង និង​អភិបាល​ក្រុង​តាខ្មៅ បាន​ឃុបឃិត​គ្នា​ជាមួយ​ថៅកែ​ទឹក​ស្អាត​កេងប្រវ័ញ្ច​លើ​ការ​ប្រើប្រាស់​ទឹក​របស់​ពលរដ្ឋ​ជាង ៧០​គ្រួសារ​រហូត​មក។

អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​ជួប​ជាមួយ​ពលរដ្ឋ​ចំនួន ៣​ឃុំ​ក្នុង​ស្រុក​ស្អាង និង ១​សង្កាត់​ក្នុង​ក្រុង​តាខ្មៅ កាលពី​ថ្ងៃ​ចុង​សប្តាហ៍​កន្លងទៅ​នេះ ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ជាមួយ​ក្រុមហ៊ុន​រដ្ឋាករ​ទឹក​ស្អាត​ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បង្កើត​អំពើពុករលួយ​លើ​ការ​ប្រើប្រាស់​ទឹក​របស់​ពលរដ្ឋ​ចំនួន ៧៣​គ្រួសារ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមក។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា ប្រាប់ The Cambodia Daily នៅ​ថ្ងៃទី​១ សីហា នេះ​ថា បញ្ហា​ដែល​កើត​មាន​លើ​ពលរដ្ឋ​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ​មាន​ច្រើន​អនេក ដូចជា​បញ្ហា​អំពើពុករលួយ បញ្ហា​បាត់បង់​ព្រៃឈើ បញ្ហា​អយុត្តិធម៌​សង្គម បញ្ហា​ដីធ្លី និង​បញ្ហា​នៃ​ការ​រឹតត្បិត​សេរីភាព​របស់​ពលរដ្ឋ ជាដើម សុទ្ធសឹងតែ​ជា​បញ្ហា​ដែល​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ត្រូវតែ​ដោះស្រាយ​ជាបន្ទាន់​ជូន​ពលរដ្ឋ​ដែល​កំពុង​ប្រឈម​នៅ​ពេលនេះ។

លោក​លើកឡើង​ថា ការ​អះអាង​របស់​លោក គង់ សោភ័ណ្ឌ ដែល​បញ្ជាក់​ថា លោក​ត្រូវ​បាន​មន្ត្រី​ថ្នាក់​ក្រោម​រាយការណ៍​កុហក​រហូត​មក​បែប​នេះ គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ភាព​ទន់ខ្សោយ​នៃ​ការ​ដឹកនាំ​របស់​ខ្លួន​ក្នុង​ការ​ធានា​នូវ​ការ​ផ្តល់​សេវា​ជូន​ពលរដ្ឋ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បញ្ជាក់​ថា ការ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ គឺជា​រឿង​ល្អ​ហើយ ប៉ុន្តែ​បញ្ហា​ដែល​ពលរដ្ឋ​ទទួល​រង​នូវ​ការ​ធ្វើ​បាប​ពី​មន្ត្រី​ខិលខូច​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ គឺ​បាន​កើតមាន​ស្ទើរតែ​ពេញ​ប្រទេស​ទៅ​ហើយ។ ដោយឡែក​ការ​ព្រមាន​ដក​តំណែង​នេះ បើ​ធ្វើឡើង​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ពលរដ្ឋ​មែន​នោះ វា​ជា​រឿង​គួរ​ឱ្យ​អបអរ​សាទរ ប៉ុន្តែ​បើ​គ្រាន់តែ​ធ្វើ​ឱ្យ​តែ​ល្អ​មើល នោះ​ពលរដ្ឋ​នៅតែ​ស្ថិត​ជា​ជនរងគ្រោះ​ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​ពួកគេ​ដដែល។

កាលពី​ខែ​មករា ឆ្នាំ​២០២២ អង្គការ​តម្លាភាព​អន្តរជាតិ បាន​ចេញ​របាយការណ៍​ស្ដី​ពី​សន្ទស្សន៍​អំពើពុករលួយ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២១ ថា កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ​រៀង​ទី​១៥៧ ក្នុង​ចំណោម​ប្រទេស​ទាំង​១៨០ ដែល​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ធ្ងន់ធ្ងរ ដែល​បញ្ហា​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា កម្ពុជា​នៅតែ​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​មាន​អំពើពុករលួយ​អាក្រក់​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ាន៕

https://www.cambodiadaily.com/2022/08/02/18/54/63821/?feed_id=606

--

--

គេហទំព័រផ្លូវការ សារព័ត៌មាន ឌឹ ខែមបូឌា ដេលី ជាភាសាខ្មែរប្រចាំថ្ងៃ

Get the Medium app

A button that says 'Download on the App Store', and if clicked it will lead you to the iOS App store
A button that says 'Get it on, Google Play', and if clicked it will lead you to the Google Play store