អ្នកស្រី Pelosi ប្រធាន​រដ្ឋសភា​អាមេរិក​ទៅ​កាន់​កោះ​តៃវ៉ាន់ ទោះ​ជា​ចិន​គំរាម​ក៏ដោយ

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ដែល​អម​ដំណើរ​ដោយ​សមាជិក​សភា​ជាន់ខ្ពស់​អាមេរិក​ចំនួន ៦​រូប បាន​សម្រេច​ជ្រើសរើស​យក​ប្រទេស​ក្នុង​តំបន់​អាស៊ី​ចំនួន​២ ជា​ទស្សនកិច្ច​របស់​អ្នកស្រី​មុន​គេ។

កាលពី​ថ្ងៃ​ចន្ទ ទី​១ សីហា អ្នកស្រី Nancy Pelosi បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​សិង្ហបុរី។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ អ្នកស្រី​បាន​ជួប​សន្ទនា​គ្នា​ជាមួយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​សិង្ហបុរី លោក លី សៀនឡុង និង​បាន​ចូល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ប្រធានាធិបតី​នៃ​ប្រទេស​មួយ​នេះ​ផង​ដែរ។

ក្រោយពី​បិទ​បញ្ចប់​ទស្សនកិច្ច​នៅ​លើ​ទឹកដី​សិង្ហបុរី អ្នកស្រី Nancy Pelosi និង​សមាជិក​សភា​អាមេរិក​ដទៃ​ទៀត​បាន​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី នៅ​ម៉ោង ១០​ព្រឹក នៅ​ថ្ងៃ​អង្គារ ទី​២ ខែ​សីហា។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​លើ​ទឹកដី​ម៉ាឡេស៊ី អ្នកស្រី​បាន​ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី និង​ប្រធាន​រដ្ឋសភា​របស់​ប្រទេស​នេះ​ផង​ដែរ។

ក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ពីរ​ប្រទេស​នេះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ចក្ខុវិស័យ​នៃ​យុទ្ធសាស្ត្រ​របស់​អាមេរិក​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​សន្តិសុខ​ជាតិ សន្តិសុខ​តំបន់ ប្រជាធិបតេយ្យ និង​វិស័យ​សហប្រតិបត្តិការ​សេដ្ឋកិច្ច។

ចំណែក​ឯ​មេដឹកនាំ​នៃ​ប្រទេស​សិង្ហបុរី និង​ម៉ាឡេស៊ី បាន​ថ្លែង​ស្វាគមន៍​ការ​ប្ដេជ្ញា​ចិត្ត​របស់​អ្នកស្រី​ប្រធាន​រដ្ឋសភា​របស់​សហរដ្ឋ​អាមេរិក និង​រដ្ឋការ​របស់​លោក ចូ បៃដិន ដែល​បាន​យកចិត្ត​ទុកដាក់​បញ្ហា​សន្តិសុខ បញ្ហា​ប្រជាធិបតេយ្យ និង​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ ដោយ​មេដឹកនាំ​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​ពីរ​នេះ​ចាត់ទុក​ថា​តំបន់​អាស៊ី​មិន​អាច​ខ្វះ​អាមេរិក​បាន​ឡើយ។

ក្រោយពី​ជំនួប​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ប្រទេស​ម៉ាឡេស៊ី ដោយ​ទទួល​បាន​ការ​រៀបចំ​ទទួលទាន​អាហារ​ពេល​ថ្ងៃ​ត្រង់​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​ប្រទេស​ម៉ាឡេស៊ី អ្នកស្រី​ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​ចាកចេញ​ពី​ប្រទេស​ម៉ាឡេស៊ី នៅ​ម៉ោង​ជិត ៤​រសៀល។

តាម​ដំណឹង​នៃ​សារព័ត៌មាន​ម៉ាឡេស៊ី The Star និង South China Morning Post បាន​ចុះផ្សាយ​ថា អ្នកស្រី Pelosi ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីក្រុង​កូឡាឡាំពួរ គឺ​តាម​ជើង​យន្តហោះ​យោធា​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង​ឆ្ពោះ​ទៅ​កាន់​កោះ​តៃវ៉ាន់។

បើ​តាម​ប្រភព​ដដែល​នេះ​ឲ្យ​ដឹង​ថា យន្តហោះ​របស់​អ្នកស្រី​នឹង​ចុះចត​នៅ​ព្រលាន​យន្តហោះ​ក្នុង​ទីក្រុង​តៃប៉ិ នៅ​ម៉ោង ១០ និង ២០​នាទី​យប់​ថ្ងៃ​អង្គារ ទី​២ ខែ​សីហា។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ គេ​រំពឹង​ថា អ្នកស្រី​នឹង​ស្នាក់នៅ​លើ​ដែន​កោះ​នេះ​មួយ​យប់ ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ អ្នកស្រី​ត្រូវ​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​កោះ​តៃវ៉ាន់ អ្នកស្រី សាយ អ៊ឹងវិន និង​ប្រធាន​រដ្ឋសភា​របស់​ដែន​កោះ​មួយ​នេះ។

គោលដៅ​របស់​អ្នកស្រី Pelosi គឺ​ដើម្បី​ពង្រឹង​សម្ពន្ធភាព​អាមេរិក និង​តៃវ៉ាន់ និង​ជា​ការ​បង្ហាញ​អំពី​និមិត្តរូប​នៃ​ការ​គាំទ្រ​សេរីភាព​របស់​ដែន​កោះ​ប្រជាធិបតេយ្យ​មួយ​នេះ។ សហរដ្ឋ​អាមេរិក និង​តៃវ៉ាន់ បើ​ទោះ​ពុំ​មាន​ទំនាក់ទំនង​ផ្លូវការ​ពិត​មែន តែ​អាមេរិក​មាន​ទំនាក់ទំនង​កម្រិត​ពាណិជ្ជកម្ម​ជាមួយ​តៃវ៉ាន់​ខ្ពស់​បំផុត។

សហរដ្ឋ​អាមេរិក និង​តៃវ៉ាន់ មាន​កិច្ចព្រមព្រៀង​ទំនាក់ទំនង​ទ្វេភាគី​ស្អិតល្មួត​ជាមួយ​គ្នា គឺ​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៧៩ ដែល​កិច្ចព្រមព្រៀង​នេះ​បើក​ផ្លូវ​ឱ្យ​សហរដ្ឋ​អាមេរិក​ជួយ​ការពារ​ដែន​កោះ​តៃវ៉ាន់​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​ចិន ព្រោះ​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ដែនដី​របស់​ចិន ក្រោយពី​ចិន​ដណ្ដើម​បាន​អាសនៈ​ពី​សាធារណរដ្ឋ​តៃវ៉ាន់ នៅ​ឆ្នាំ​១៩៧១ ក្នុង​អង្គការ​សហប្រជាជាតិ។

តាម​ដំណឹង​ពី​សារព័ត៌មាន​របស់​កោះ​តៃវ៉ាន់ Taiwan News បាន​ឱ្យ​ដឹង​ថា ខណៈ​នេះ​អាជ្ញាធរ​តៃវ៉ាន់​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស និង​កងទ័ព​នៅ​ព្រលាន​យន្តហោះ​ក្រុង​តៃប៉ិ ប្រមាណ ៤០០​នាក់​ដើម្បី​ពង្រឹង​សន្តិសុខ​នៅ​តំបន់​ព្រលាន​យន្តហោះ។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​តៃវ៉ាន់ ក៏​បញ្ជូន​ឆ្មាំ​សន្តិសុខ​ជាតិ​រាប់​រយ​នាក់​ទៅ​ជួយ​ការពារ​គណៈប្រតិភូ​សភា​ដឹកនាំ​ដោយ​អ្នកស្រី ណាន់ស៊ី ប៉េឡូស៊ី ប៉ុន្តែ​នៅ​ពេលនេះ ដំណឹង​ពី​ទីក្រុង​តៃប៉ិ បាន​ឲ្យ​ដឹង​ថា បាតុករ​រាប់​សិប​នាក់​បាន​ចេញ​មុខ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី ប៉េឡូស៊ី។

ទស្សនកិច្ច​របស់​អ្នកស្រី​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​នេះ​ប្រឈម​នឹង​ហានិភ័យ​ធ្ងន់ធ្ងរ​ជា​ខ្លាំង ព្រោះ​តែ​ចិន​ប្រឆាំង​ការ​ដែល​អ្នកស្រី​សម្រេច​មក​ជាន់​ដែន​កោះ​តៃវ៉ាន់។ ឥឡូវ​នេះ ចិន​កំពុងតែ​បើក​ធ្វើ​សមយុទ្ធ​ទ័ព​ជើងទឹក និង​ទ័ព​អាកាស​ដោយ​បាញ់​គ្រាប់​ពិតៗ​គំរាម​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ទៀត​ផង។

សម្រាប់​សហរដ្ឋ​អាមេរិក បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ Ronald Reagan និង​ក្រុម​នាវា​កង​ទី​៧ ទៅ​ដាក់​ពង្រាយ​ក្បែរ​កោះ​តៃវ៉ាន់ ដើម្បី​ការពារ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី ប៉េឡូស៊ី។

ចិន​ព្រមាន​ថា បើ​យន្តហោះ​ដឹក​អ្នកស្រី ប៉េឡូស៊ី អាច​ចុះ​ចត​បាន និង​ធ្វើ​ជំនួប​ជាមួយ​អ្នកស្រី សាយ អ៊ឹងវិន ប្រធានាធិបតី​តៃវ៉ាន់ គឺ​ទំនាក់ទំនង​ចិន និង​អាមេរិក អាច​ធ្លាក់​ដល់​កម្រិត​ធ្ងន់ធ្ងរ​បំផុត។

តែ​យ៉ាងណា គឺ ២៥​ឆ្នាំ​ហើយ​ដែល​ថ្នាក់​ដឹកនាំ​កំពូល​របស់​អាមេរិក​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​ចាប់តាំងពី​ឆ្នាំ​១៩៩៧ គឺ​នៅ​ឆ្នាំ​នោះ ប្រធាន​រដ្ឋសភា​អាមេរិក លោក Newt Gingrich បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់។ នៅ​ឆ្នាំ​១៩៩៧ នោះ ចិន​ក៏​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ប្រហាក់ប្រហែល​នឹង​ការ​ធ្វើ​ទស្សនកិច្ច​របស់​អ្នកស្រី Nancy Pelosi នៅពេល​នេះ​ផង​ដែរ៕

https://www.cambodiadaily.com/2022/08/03/15/28/63855/?feed_id=623

--

--

គេហទំព័រផ្លូវការ សារព័ត៌មាន ឌឹ ខែមបូឌា ដេលី ជាភាសាខ្មែរប្រចាំថ្ងៃ

Get the Medium app

A button that says 'Download on the App Store', and if clicked it will lead you to the iOS App store
A button that says 'Get it on, Google Play', and if clicked it will lead you to the Google Play store